ភ្នំពេញ ៖ ករណីគ្រោះអគ្គិភ័យមួយបានកើតឡើងនៅវេលាម៉ោង ១និង៣០នាទី យប់រំលងអាធ្រាតថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១នេះ ស្ថិតនៅចំណុចឃ្លាំងស័ង្គសី តាមបណ្តោយផ្លូវ២១៧ ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ព្រមទាំងឆេះបំផ្លាញរថយន្តចំនួន ១គ្រឿង។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ចំពោះមូលហេតុ នៃការឆាបឆេះ បណ្តាលមកពីការឆ្លងចរន្តអគ្គិសនី ហើយក្នុងហេតុការណ៍មួយនេះដែរ បណ្តាលឲ្យឆាបឆេះដែកស័ង្កសី ខូចខាតរថយន្ត ម៉ាកតូយ៉ូតា ១២កៅអី ចំនួន ១គ្រឿង ប៉ុន្តែមិនបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡេីយ។
សម្រាប់ប្រតិបត្តិការសង្គ្រោះវិញ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បញ្ជាក់ថា សមត្ថកិច្ចប្រើប្រាស់រថយន្ដការិយាល័យបង្ការនិងពន្លត់អគ្គិភ័យ ចំនួន ២គ្រឿង ប្រើប្រាស់ទឹកអស់ ២ឡាន ស្មើនឹង ១២ម៉ែត្រគូប ទើបរលត់ទាំងស្រុងនៅវេលាម៉ោង ១និង៥០នាទី យប់រំលងអាធ្រាត នាថ្ងៃដដែរ៕