បាងកក៖ យោងតាមទិន្នន័យក្រុមប្រឹក្សាវិនិយោគថៃ (BoI) បានឲ្យដឹងថា ប្រទេសថៃបានបន្តទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI) ក្នុងរយៈពេលប្រាំបួនខែដំបូងឆ្នាំនេះ ជាមួយកំណើន ២២០ភាគរយ ដល់ ៣៧២,០៦ពាន់លានបាត ឬស្មើនឹង ១១,១៥ពាន់លានដុល្លារ ពីគម្រោងវិនិយោគចំនួន ៥៨៧គម្រោង។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានថៃ The Nation។
ប្រទេសចំនួន ៣ ដែលមានតម្លៃវិនិយោគច្រើនជាងគេ គឺជប៉ុន ៦៧,៨ពាន់លានបាត, សហរដ្ឋអាមេរិក ២៦,៩ពាន់លានបាត និងសិង្ហបុរី ២៦,៨ពាន់លានបាត។
ក្នុងរយៈពេល ៩ ខែដំបូងឆ្នាំ ២០២១ ក្រុមប្រឹក្សាវិនិយោគថៃ បានទទួលពាក្យស្នើសុំពីគម្រោងវិនិយោគផ្ទាល់ពីបរទេស និងទាំងក្នុងស្រុកសរុបចំនួន ១.២៧៣គម្រោង ដែលមានតម្លៃវិនិយោគសរុប ៥២០,៦ពាន់លានបាតកើនឡើង ២៣ភាគរយ និង ១៤០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ តួលេខនេះក៏ខ្ពស់ជាងតម្លៃវិនិយោគសរុបនៃឆ្នាំ ២០២០ ផងដែរ គឺ ៤៣២ពាន់លានបាត និងខ្ពស់ជាងតម្លៃវិនិយោគជាមធ្យមមុនស្ថានភាពកូវីដ១៩ អំឡុងឆ្នាំ ២០១៥-២០១៩ ដែលមានតម្លៃ ៤៨៣,៦ពាន់លានបាត។
មន្ត្រីជំនាញថៃបាននិយាយថា ពាក្យស្នើសុំវិនិយោគនៅក្នុងឧស្សាហកម្មគោលដៅភាគច្រើនទៅលើវិស័យអេឡិចត្រូនិក និងអគ្គិសនី, ឧបករណ៍វេជ្ជសាស្ត្រ ប្រេងឥន្ធនៈ និងគីមី ដែលតំណាងឱ្យ ២៦៩,៧ពាន់លានបាត ឬ ៥២ភាគរយនៃចំនួនសរុប។ ក្នុងចំណោមគម្រោងវិនិយោគសរុបចំនួន ១៣៤គម្រោង ផ្តោតលើការកែលម្អប្រសិទ្ធភាព និងសមត្ថភាពផលិតកម្មដែលមានតម្លៃវិនិយោគសរុប ១៤,៨ពាន់លានបាត៕