ភ្នំពេញ ៖ តាមការបញ្ចាក់របស់មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាបានអោយដឹងថាមានថ្នាក់ដឹកនាំតាមក្រសួងស្ថាប័នសរុប៥៦ របស់ព្រះរាជាណាចក្រកម្ពុជានៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១នេះបានអញ្ជើញដឹកនាំប្រតិភូ ចូលរួមថ្វាយកម្រងផ្កានិងគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដីនិងឯកភាពជាតិខ្មែរ «ព្រះបរមរតនកោដ្ឋ» នៅមណ្ឌបសួនច្បារខាងកើតវិមានឯករាជ្យ ក្នុងឱកាសគម្រប់ខួប៩ឆ្នាំនៃការយាងសោយទីវង្គតរបស់ព្រះអង្គ។
ពិធីនេះ ត្រូវបានប្រព្រឹត្តឡើងដោយអនុវត្តតាមសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាលនិងវិធានការការពារនានារបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ដោយត្រូវពាក់ម៉ាស់ធ្វើការវាស់កម្ដៅនិងរក្សាគម្លាតសុវត្ថិភាព,នេះបើតាមសេចក្តីណែនាំរបស់ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិផងដែរ ។
ជាមួយនេះផងដែរកាលពីចុងខែកញ្ញា, ក្រសួងធម្មការនិងសាសនាក៏បានចេញសេចក្តីណែនាំគ្រប់វត្តអារាមមណ្ឌលវិបស្សនា អាស្រម ព្រះពុទ្ធសាសនា និងពាហិសាសនា ត្រូវរៀបចំឧទ្ទិសថ្វាយព្រះរាជកុសលដល់ព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ ទៅតាមប្រពៃណីសាសនា នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១នេះ ដោយត្រូវអនុវត្តវិធានការការពារនានារបស់ក្រសួងសុខាភិបាល ។ ក្រសួងក៏បានណែនាំដល់គ្រប់វត្តអារាម មណ្ឌលវិបស្សនា អាស្រម ព្រះពុទ្ធសាសនា ពាហិសាសនា រៀបចំតាំងព្រះបរមឆាយាល័ក្ខ ព្រះករុណា ព្រះបរមរតនកោដ្ឋ ដោយបំភ្លឺភ្លើងពណ៌លើកទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដាពាក្យស្លោក។
សេចក្តីណែនាំបានឲ្យដឹងដែរថាការប្រារព្ធនូវពិធីគោរពព្រះវិញាណក្ខន្ធព្រះករុណាព្រះបរមរតនកោដ្ឋ គម្រប់៩ឆ្នាំ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃសុក្រទី១៥ ខែតុលា ឆ្នាំ២០២១នេះ គឺដើម្បីតបស្នងព្រះមហាករុណាទិគុណនិងព្រហ្មវិហារធម៌ដ៏ថ្លៃថ្លាឧត្តុង្គឧត្តមវិសេសវិសាលរបស់ព្រះអង្គដែលបានលះបង់ព្រះកាយពល ព្រះបញ្ញាញាណ ក្នុងព្រះរាជសកម្មភាព ដើម្បីបុព្វហេតុឯករាជ្យជាតិ បូរណភាពទឹកដី ផ្សះផ្សាជាតិ បង្រួបបង្រួមជាតិ និងអភិវឌ្ឍន៍គ្រប់វិស័យ។
សូមជម្រាបជូនថា ព្រះករុណា ព្រះបាទ សម្ដេចព្រះនរោត្ដមសីហនុព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិ ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរព្រះអង្គប្រសូតនៅថ្ងៃអង្គារ ១១កើត ខែកត្តិក ឆ្នាំច ចត្វាស័ក ពុទ្ធសករាជ២៤៦៥ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩២២ ព្រះអង្គយាងចូលព្រះទីវង្គតនៅថ្ងៃចន្ទ ១៥រោច ខែភទ្របទ ឆ្នាំរោង ចត្វាស័ក ពុទ្ធសករាជ២៥៥៦ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ក្នុងព្រះជន្ម៩០ព្រះវស្សាដោយទទួលព្រះបរមបច្ឆាមរណនាម «ព្រះបរមរតនកោដ្ឋ»៕