បន្ទាយមានជ័យ ៖ យើងអាចភ្លេចជំងឺកូវីដ-១៩តែកូវីដ-១៩មិនភ្លេចយើងនោះទេដូច្នេះគួរយើងទាំងអស់គ្នាចូលរួមទទួលខុសត្រូវទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩សូមអនុវត្តវិធានការ៣កុំ៣ការពារជានិច្ច !!! ។
នេះគឺជាប្រសាសន៍លើកឡើងរបស់លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលនិងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ក្នុងក្របខ័ណ្ឌទូទាំងប្រទេសនៅក្នុងពិធីបិទយុទ្ធនាការចាក់ វ៉ាក់សាំងកូវីដ-១៩ជុំទី១ជូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើងក្នុងខេត្តបន្ទាយមានជ័យនៅថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២១ ។
ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបាន រាយការណ៍សង្ខេបស្ដីពីលទ្ធផលការងារនៃគណៈកម្មការខេត្តប្រយុទ្ធជំងឺកូវីដ-១៩ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋអាយុ១៨ឆ្នាំឡើងក្នុងផែនការ ៥២៩,៦៨១នាក់ ចាក់បានចំនួន ៤០៤,៤៨៤នាក់ ស្មើនឹង ៧៦,៣៦% ចាក់លើកទី២បាន ៣២៦,៨១៥នាក់ និងចាក់លើកទី៣ដូសជំរុញបានចំនួន ១៧,៥៣០នាក់ស្រី ៧,១០៣ នាក់ ។
ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ៖ ចាប់ពីមានការផ្ទុះរីករាលដាលក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ខេត្តបន្ទាយមានជ័យគិតត្រឹមថ្ងៃទី ១២ ខែតុលា ឆ្នាំ ២០២១ ។ រកឃើញអ្នកវិជ្ជមានចំនួន ២៧,៨៩៥នាក់ ស្រី ១៣,៨១៩នាក់ ជា សះស្បើយ ២៦,២៥២នាក់ ស្រី ១៣,១៨៤នាក់ នៅសល់វិជ្ជមានចំនួន ៨៨៦នាក់ ស្រី ៤៨៨នាក់ កំពុងសម្រាកព្យាបាលនៅក្នុងមណ្ឌល ។ ក្នុងនោះខេត្តបន្ទាយមានជ័យក៏មានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩សរុបចំនួន ២៥០នាក់ ស្រី ១៣៨នាក់ ( ខ្មែរ ២៤៤នាក់ ស្រី ១៣៥នាក់ និងជនបរទេស ០៦នាក់ ស្រី ០៣នាក់ ) ។
ថ្លែងនាឱកាសនោះលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលនិងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ក្នុងក្របខ័ណ្ឌទូទាំងប្រទេសបានសំដែងនូវការកោតសរសើរដោយស្មោះចំពោះ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ពិសេសក្រុមគ្រូពេទ្យស្ម័គ្រចិត្តនិងក្រុមគ្រូពេទ្យកងយុទ្ធពលខេមរភូមិន្ទទាំងអស់ដែលបានខិតខំយកចិត្តទុកដាក់លើបញ្ហាជំងឺកូវីដ-១៩នេះដោយបានចំណាយកម្លាំងកាយចិត្តទាំងយប់ទាំងថ្ងៃដើម្បីចូលរួមជួយ កាត់បន្ថយនៃការរីករាលដាលជំងឺឆ្លងកូវីដ-១៩ ។
ចុងក្រោយលោកជំទាវក៏បានធ្វើការផ្តាំផ្ញើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់បន្តការយកចិត្តទុកដាក់គ្រប់គ្រងស្ថានភាពជំងឺកូវីដ-១៩ឱ្យបានជាប្រចាំនិងធ្វើការចុះអប់រំផ្សព្វផ្សាយណែនាំដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈឲ្យបានជ្រាប ច្បាស់ពីបញ្ហាជំងឺកូវីដ-១៩នេះ ៕