កូឡាឡាំពួរ៖រដ្ឋាភិបាលម៉ាឡេស៊ី បានប្រកាន់យកនូវគោលនយោបាយពង្រីកសារពើពន្ធចាប់តាំងពីវិបត្តិកូវីដ១៩ បានវាយលុកប្រទេសនេះដោយចំណាយជាង ៣៣០ពាន់លានរីងហ្គីត ស្មើនឹង ៨២,៥ ពាន់លានដុល្លារ ឬ ៦២ភាគរយនៃប្រាក់សរុប ៥៥០ពាន់លានរីងហ្គីត ដែលរដ្ឋាភិបាលបានផ្តល់ឱ្យក្រោមកញ្ចប់ជំរុញសេដ្ឋកិច្ច និងកញ្ចប់ជំនួយចំនួន ៨ ដែលត្រូវបានប្រើប្រាស់ដែលផ្តល់ផលប្រយោជន៍ដល់ប្រជាជនម៉ាឡេស៊ីចំនួន ២០លាននាក់ និងអាជីវកម្មចំនួន ២,៤លានមូលដ្ឋាន គិតត្រឹមថ្ងៃទី ២៤ ខែកញ្ញា។
ថ្លែងនៅក្នុងកិច្ចប្រជុំសភាកាលពីសប្តាហ៍មុន រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុម៉ាឡេស៊ីលោក តេងគូហ្សាហ្រុល (Tengku Zafrul )បាននិយាយថា ផ្អែកលើថវិកាឆ្នាំ ២០២១ ឱនភាពត្រូវបានព្យាករថា មានចំនួន ៦,៥ ទៅ ៧ភាគរយនៃផលិតផលក្នុងស្រុកសរុប (GDP)។
ដើម្បីឆ្លើយតបទៅនឹងការចាក់សារពើពន្ធបន្ថែមជាពិសេសដើម្បីដោះស្រាយវិបត្តិកូវីដ ១៩ រដ្ឋាភិបាលបានផ្តល់ហិរញ្ញប្បទានកញ្ចប់ជំរុញសេដ្ឋកិច្ចតាមរយៈមូលនិធិកូវីដ១៩។
គិតត្រឹមពាក់កណ្តាលខែកញ្ញាឆ្នាំ ២០២១ ចំនួនទឹកប្រាក់សរុបដែលបានចំណាយក្រោមមូលនិធិនេះបានឈានដល់ ៦០ពាន់លានរីងហ្គីល ឬច្រើនជាង ៩០ភាគរយនៃចំនួនពិដានបច្ចុប្បន្នរបស់មូលនិធិចំនួន ៦៥ពាន់លានរីងហ្គីត។
ដោយសារតម្រូវការចំណាយបន្ថែមរដ្ឋាភិបាលនឹងដាក់សំណើរបង្កើនពិដានសម្រាប់មូលនិធិកូវីដ១៩ ពី ៦៥ពាន់លានរីងហ្គីត ទៅ ១១០ពាន់លានរីងហ្គីត ដើម្បីផ្តល់ហិរញ្ញប្បទានដល់វិធានការណ៍ជំនួយ និងការគាំទ្របន្ថែមសម្រាប់ឆ្នាំនេះ និងឆ្នាំក្រោយ៕
អត្ថបទ៖ ថូ សិរីវឌ្ឍន៍