ភ្នំពេញ ៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករបានចេញលិខិតសម្រេច កែសម្រួលតារាងតម្លៃគិតពន្ធគយសម្រាប់អនុវត្តលើរថយន្តគ្មានពន្ធ និងអាករនាំចូលមានស្រាប់ក្នុងប្រទេស។ ការសម្រេចបញ្ចុះពន្ធ ដូច្នេះធ្វើឡើងតាមលិខិតចុះថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ ជម្រាបជូនប្រធាននាយកដ្ឋានសាខា និងការិយាល័យគយ និង រដ្ឋាករ។
សេចក្តីសម្រេចលើកឡើងថា ការសម្រេចបញ្ចុះពន្ធនេះ ដោយសារតែអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ពិនិត្យឃើញមានរថយន្តមួយចំនួន ជាពិសេសប្រភេទដែលមានឆ្នាំម៉ូដែលក្រោមឆ្នាំ២០១៦ មានសភាពចាស់ហើយម្ចាស់មានបញ្ហាលំបាកផ្នែកហិរញ្ញវត្ថុក្នុងការបំពេញកាតព្វកិច្ចពន្ធ និងអាករ និងដើម្បីជំរុញឲ្យដំណើរការបង់ពន្ធអាករលើរថយន្តមានស្រាប់ក្នុងប្រទេសកាន់តែមានភាពរលូនប្រកបដោយសមធម៌។
ចំណែករថយន្តចង្កូតស្តាំគ្មានពន្ធនិងអាករនាំចូលមានស្រាប់ក្នុងប្រទេសត្រូវបន្ធូរបន្ថយតម្លៃគិតពន្ធគយលើតម្លៃរថយន្តចង្កូតឆ្វេងតាមឆ្នាំម៉ូដែល ៣ប្រភេទ គឺ៖
១- ឆ្នាំម៉ូដែល ចាប់ពីឆ្នាំ២០១៥ ចុះបន្ថយ ២០%។
២- ឆ្នាំម៉ូដែល ចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៨ បន្ថយ ១៥% និង
៣- ឆ្នាំម៉ូដែល ចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២០ បន្ថយ ១០%។
ក្នុងសេចក្តីប្រកាសដដែលអគ្គនាយកដ្ឋានគយនិងរដ្ឋាករក៏បានកំណត់ថា ចំពោះរថយន្តស្ទួចធុនធ្ងន់ ដែលមានទម្ងន់សុទ្ធលើសពី២០តោន ត្រូវបានលើកលែងការតម្រូវឲ្យកែចង្កូតពីស្តាំ ទៅ ឆ្វេងផងដែរ៕