ប៉េកាំង៖ ការលក់រថយន្តនៅប្រទេសចិនបានធ្លាក់ចុះប្រមាណ ១៩,៦% នៅក្នុងខែកញ្ញា បើធៀបទៅនឹងខែកញ្ញាដូចគ្នាកាលពីឆ្នាំមុន ដែលនេះគឺជាការធ្លាក់ចុះក្នុងរយៈពេល ៥ខែជាប់គ្នាដោយសារការខ្វះខាតជាសកលនៃបន្ទះឈីប ដែលអូសបន្លាយពេលជាយូរមកហើយនោះបានធ្វើឲ្យរាំងស្ទះដល់ការផលិត។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
យោងតាមទិន្នន័យពីសមាគមផលិតរថយន្តចិនបានឲ្យដឹងថា ការលក់នៅក្នុងទីផ្សាររថយន្តដ៏ធំបំផុតរបស់ពិភពលោកមួយនេះមានចំនួនសរុប ២,០៧លានគ្រឿងនៅក្នុងខែកញ្ញា ក្នុងនោះ ការលក់រថយន្តអគ្គិសនីបានកើនឡើងជាង ២ដង ពោលគឺមានចំនួន ៣៥៧.០០០គ្រឿង ដោយសាររដ្ឋាភិបាលបានលើកកម្ពស់ការប្រើប្រាស់រថយន្តប្រភេទនេះដើម្បីកាត់បន្ថយការបំពុលបរិស្ថាន។
ការខ្វះខាតជាសកលនៃបន្ទះឈីបបានធ្វើឲ្យប៉ះពាល់ដល់ក្រុមផលិតរថយន្តធំៗជាច្រើនដូចជាក្រុមហ៊ុន Ford និង Honda ជាដើមដោយបង្ខំឲ្យពួកគេកាត់បន្ថយការផលិត។
ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla លក់បានរថយន្តដែលផលិតនៅចិនជាង ៥៦.០០០គ្រឿងនៅខែកញ្ញាដែលជាចំនួនច្រើនបំផុតចាប់តាំងពីគេបានចាប់ផ្តើមការផលិតនៅក្នុងទីក្រុងសៀងហៃកាលពីប្រហែល ២ឆ្នាំមុនមក ហើយបានកើនឡើង ២៧% បើធៀបទៅនឹងខែសីហា៕