ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគចំនួន ១៣៤គម្រោង ដែលមានតម្លៃទុនវិនិយោគសរុបចំនួនជាង ៣,៣ពាន់លានដុល្លារ នៅក្នុងរយៈពេល ៩ខែដំបូងឆ្នាំ ២០២១នេះ។ តួលេនេះ បានធ្លាក់ចុះ ២៨.៤៣%បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ២០២០ ដែលមានគម្រោងវិនិយោគសរុប ១៨៨គម្រោង និងតម្លៃទុនវិនយោគជាង ៦,៤ពាន់លានដុល្លារ។
យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ទៀតថា ការអនុម័តគម្រោងវិនិយោគសរុបចំនួន ១៣៤គម្រោងនេះ នឹងបង្កើតចំនួនការងារ ជូនប្រជាពលរដ្ឋបានចំនួន ៨៥.៥៧២កន្លែង នៅពេលក្រុមហ៊ុនទាំងនេះដំណើរការអាជីវកម្មរបស់ខ្លួន។
ការធ្លាក់ចុះនៃការវិនិយោគនេះ បណ្តាលមកពីការរាតត្បាតជាសកលនៃជំងឺកូវីដ១៩ និងការឆ្លងរីករាលដាលនៅក្នុងប្រទេសកម្ពុជា ដែលធ្វើឲ្យវិនិយោគិនជាច្រើនរារែកចិត្តក្នុងការសម្រេចចិត្តវិនិយោគ និងខកខានឱកាសមកស្វែងរកកាលានុវត្តភាពវិនិយោគនៅក្នុងប្រទេសកម្ពុជា ដោយសារតែវិធានការរឹតត្បិតមួយចំនួនរបស់រដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆំាងនឹងជំងឺកូវីដ១៩។
ទោះជាយ៉ាងណាជាមួយវិធានការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩របស់រាជរដ្ឋាភិបាលកម្ពុជា និងការជំរុញការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋបានកាន់តែច្រើនលើសលប់នាពេលបច្ចុប្បន្ននេះ កម្ពុជា គ្រោងនឹងបើកប្រទេសឡើងវិញនាពេលឆាប់ៗខាងមុខនេះ ដែលរំពឹងថា នឹងអាចទាក់ទាញវិនិយោគបន្ថែមពីក្រៅប្រទេស គួបផ្សំប្រទេសនេះ បានដាក់ឲ្យប្រើប្រាស់នូវច្បាប់វិនិយោគថ្មី ដែលមានភាពអនុគ្រោះ និងទាក់ទាញសម្រាប់វិនិយោគិនទូលំទូលាយជាងមុន។
របាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបញ្ជាក់ទៀតថា ក្នុងចន្លោះពីខែមករា ដល់ខែ កញ្ញា ឆ្នាំ ២០២១នេះ ការវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស មានចំនួន ១០១គម្រោង សរុបទុនវិនិយោគ ១,៤ពាន់លានដុល្លារ និងនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស មានចំនួន ៣៣គម្រោង សរុបទុនវិនិយោគ ១,៩ពាន់លានដុល្លារ។
សម្រាប់វិស័យដែលវិនិយោគរួមមាន៖ កសិកម្ម និងកសិឧស្សាហកម្ម មានចំនួន ១២គម្រោង, ឧស្សាហកម្ម មានចំនួន ១១១គម្រោង, ទេសចរណ៍មានចំនួន ២គម្រោង និងហេដ្ឋារចនាសម្ព័ន្ធ និងផ្សេងៗ មានចំនួន ៩គម្រោង។
យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឲ្យដឹងថា នៅឆ្នាំ២០២០កន្លងទៅ កម្ពុជាទទួលបានគម្រោងវិនិយោគសរុបចំនួន ២៣៨គ្រោង សរុបទុនវិនិយោគចំនួន ជាង ៨.២៥០លានដុល្លារ ធ្លាក់ចុះ ១២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០១៩ ដែលមាន ៣១៥គម្រោង ទុនវិនិយោគ ៩.៣៩៧លានដុល្លារ៕