ហាណូយ៖ ប្រទេសវៀតណាមកំពុងរៀបចំផែនការដើម្បីបើកប្រទេសឡើងវិញដើម្បីទទួលស្វាគមន៍ទេសចរមកពីទិសដៅសំខាន់ៗ ចាប់ពីខែធ្នូខាងមុខនេះ សម្រាប់ទេសចរចាក់វ៉ាក់សាំងរួចរាល់មកពីបណ្តាប្រទេសដែលចាត់ទុកថាមានហានិភ័យទាបនៃជំងឺកូវីដ១៩។ នេះបើយោងតាមការចេញផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។
ប្រទេសវៀតណាមបានដាក់ការត្រួតពិនិត្យព្រំដែនយ៉ាងតឹងរ៉ឹងនៅពេលចាប់ផ្តើមដំបូងនៃជំងឺរាតត្បាត ក្នុងកិច្ចប្រឹងប្រែងដើម្បីការពារជំងឺកូវីដ១៩ ដោយទទួលបានជោគជ័យកាលពីដំបូង ប៉ុន្តែវាបានធ្វើឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍ដែលកំពុងរីកចម្រើនដែលជាធម្មតាមានប្រ ហែល ១០% នៃផលិតផលក្នុងស្រុកសរុប។ប្រទេសវៀតណាមកាលពីខែមុនបានប្រកាសថា ខ្លួននឹងបើកដំណើរការឡើងវិញនូវរមណីយដ្ឋានកោះភូគុកសម្រាប់អ្នកដំណើរដែលទទួលថ្នាំបង្ការជំងឺកូវីដ១៩ ចាប់ពីខែវិច្ឆិកា។
ចាប់ពីខែធ្នូនឹងអនុញ្ញាតឱ្យភ្ញៀវទេសចរមកពីបណ្តាប្រទេសនានាអាចចូលទស្សនាតំបន់បេតិ កភណ្ឌពិភពលោកយូណេស្កូ Halong Bay និង Hoi An (ហូយអាន) ដែលជាទីក្រុងខ្ពង់រាបដាឡាត់ និងគោលដៅឆ្នេរញ៉ាត្រាង។រដ្ឋាភិបាលវៀតណាមបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «យើងបើកចំហនៅពេលដែលវាពិតជាមានសុវត្ថិភាព។ យើងកំពុងបោះជំហានមួយជំហានម្តងៗ ដោយប្រយ័ត្នប្រយែងប៉ុន្តែអាចបត់បែនបាន ដើម្បីសម្របខ្លួនទៅនឹងស្ថានភាពជាក់ស្តែងនៃជំងឺរាតត្បាត»។
ការមកដល់របស់ភ្ញៀវបរទេសមកវៀតណាមបានធ្លាក់ចុះមកត្រឹម ៣,៨លាននាក់កាលពីឆ្នាំមុនធ្លាក់ចុះពី ១៨លាននាក់ក្នុងឆ្នាំ ២០១៩ នៅពេលដែលចំណូលពីវិស័យទេសចរណ៍មានចំនួន ៣១ពាន់លានដុល្លារស្មើនឹង ១២% នៃផលិតផលក្នុងស្រុកសរុប។
ប្រទេសនេះកំពុងព្យាយាមពន្លឿនការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ដោយមានប្រជាជនត្រឹមតែ ១៣% ក្នុងចំណោមប្រជាជន ៩៨លាននាក់របស់ខ្លួន ដែលបានចាក់វ៉ាក់សាំងរហូតមកដល់ពេលនេះដែលជាអត្រាទាបបំផុតមួយនៅអាស៊ី៕
អត្ថបទ៖ ថូ សិរីវឌ្ឍន៍