ភ្នំពេញ៖ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាមេរិក ក្នុងរយៈពេល ៨ខែដំបូង ឆ្នាំ ២០២១នេះ សម្រេចបានក្នុងតម្លៃទឹកប្រាក់សរុបចំនួន ៥.៤៤៨លានដុល្លារ។ តួលេខនេះ បានកើនឡើង ២៨,១៥ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក។
ការដោះដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក្នុងរយៈពេលនេះ មានកំណើនខ្ពស់គួរឲ្យកត់សម្គាល់ ខណៈដែលស្ថានភាពការឆ្លងជំងឺកូវីដ-១៩ នៅសហរដ្ឋអាមេរិក កាន់តែធូរស្រាល និងការរំពឹងទុកពីការងើបឡើងវិញលឿននៃសេដ្ឋកិច្ចសហរដ្ឋអាមេរិក និងសេដ្ឋកិច្ចសកល។របាយការណ៍ដដែលឲ្យដឹងទៀតថា ការនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាមេរិកនៅក្នុងរយៈពេល ៨ខែដំបូង ឆ្នាំ ២០២១នេះ មានតម្លៃទឹកប្រាក់សរុប ៥.២២០លានដុល្លារ បានកើនឡើង ២៧,៥៦ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ចំណែកការចូលរបស់កម្ពុជា ពីសហរដ្ឋអាមេរិក នៅចន្លោះពីខែមករា ដល់ខែសីហា ឆ្នាំ ២០២១នេះ បានកើនឡើង ៤០,៤០ភាគរយ រហូតដល់តម្លៃទឹកប្រាក់សរុប ២៧៨លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ទំនិញដែលនាំចេញពីកម្ពុជាទៅទីផ្សារអាមេរិកភាគច្រើនលើសលុបជាផលិត ផលវាយនភណ្ឌកាត់ដេរ និងស្បែកជើង និងកាបូបសម្រាប់ធ្វើដំណើរ។ ចំណែកមុខទំនិញសំខាន់ៗដែលកម្ពុជានាំចូលពីសហរដ្ឋអាមេរិកមានដូចជា គ្រឿងអេឡិតត្រូនិក យានយន្ត គ្រឿងចក្រ ឱសថ និងបរិក្ខាពេទ្យជាដើម។
ថ្លែងក្នុងឱកាសអញ្ជើញធ្វើសន្និសីទសារព័ត៌មានបើកយុទ្ធនាការ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ សម្រាប់កុមារចាប់ពីអាយុ ៦ឆ្នាំ ដល់ក្រោមអាយុ ១២ឆ្នាំ ដែលប្រព្រឹត្តទៅ នៅវិមានសន្តិភាព នៅថ្ងៃទី ១៧ខែកញ្ញា ឆ្នាំ ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ការបញ្ជាទិញសម្លៀកបំពាក់ពីកម្ពុជា បានចាប់ផ្តើមកើនឡើងខ្លាំង ដោយសារតែប្រទេសមួយចំនួនដូចប្រទេសប្រេស៊ីល, បង់ក្លាដេស, មីយ៉ាន់ម៉ា និងវៀតណាមជាដើម គ្មានលទ្ធភាពផ្គត់ផ្គង់ទីផ្សារបាន ដែលធ្វើឲ្យអ្នកបញ្ជាទិញសម្រុកមកបញ្ជាទិញពីកម្ពុជាវិញ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា កំណើននេះ បានធ្វើឲ្យរោងចក្រចំនួន៤ នៅកម្ពុជា ដែលដំណើរការផលិតម៉ាស បានបង្វែរមកផលិតសម្លៀកបំពាក់វិញដើម្បីផ្គត់ផ្គង់ទីផ្សារដែលមានការបញ្ជាទិញច្រើន។
សហរដ្ឋអាមេរិក បានក្លាយជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា កាលពីឆ្នាំ ២០២០ ខណៈសហភាពអឺរ៉ុបធ្លាក់មកនៅលំដាប់ទី២វិញដែលបញ្ជាទិញទំនិញពីកម្ពុជា។
យោងតាមការចុះផ្សាយរបស់បណ្តាញសាររព័ត៌មានអន្តរជាតិ បានរាយការណ៍ថា ប្រទេសប្រេស៊ីល, វៀតណាម និងបង់ក្លាដេស បានប្រឈមការឆ្លងរាលដាលខ្លាំងនៃជំងឺកូវីដ១៩ ដែលប៉ះពាល់ដល់ដំណើរសង្វាក់ផលិតកម្មរបស់ខ្លួន ខណៈប្រទេសមីយ៉ាន់ម៉ា កំពុងមានវិបត្តិវឹកវរផ្ទៃក្នុង។
ការនាំចេញរបស់កម្ពុជាទៅសហរដ្ឋអាមេរិក កាលពីឆ្នាំ ២០២០ មានតម្លៃទឹកប្រាក់សរុប ៦.៥៧៧លានដុល្លារអាមេរិក បានកើនឡើង ២២,៧៩ភាគរយ បើធៀបកាលពីឆ្នាំ ២០១៩។ ដោយឡែកការនាំចេញរបស់សហរដ្ឋអាមេរិក ត្រឡប់មកកម្ពុជាវិញ នៅឆ្នាំ ២០២០ មានតម្លៃទឹកប្រាក់សរុបប្រមាណ ៣៤៣លានដុល្លារ បានធ្លាក់ចុះ ៣៣,២៦ភាគរយ។ នេះបើតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក៕
អត្ថបទ៖ ថូ សិរីវឌ្ឍន៍