ភ្នំពេញ៖ សារព័ត៌មានដឺហ្គាឌីយែន ផ្ញើលិខិតមកឯកឧត្តម កុយ គួង រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងការបរ ទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ចំពោះកំហុសរបស់ខ្លួនដែលផ្សាយខុសការពិតថា សម្តេចតេជោ ហ៊ុន សែន ទិញសញ្ជាតិពីប្រទេសស៊ីព្រ ហើយបានបញ្ជាក់ថា ខ្លួនបានកែព័ត៌មាននេះឡើងវិញរួចហើយ។ សារលិខិតរបស់សារព័ត៌មាន ដឺហ្គាឌីយែនថា សារអេឡិច ត្រូនិក (email) នេះ ក្នុងការឆ្លើយតបទៅនឹងលិខិតរបស់ ឯកឧត្តម ចុះថ្ងៃទី០៦ ខែ តុលា ឆ្នាំ២០២១ (បានទទួលនៅវេលាម៉ោង ១៣.១៩ GMT នៅថ្ងៃនេះ) ដែលបានអានរួចហើយដោយលោកស្រី និពន្ធនាយក ខេតធឺរីន វីននឺរ (Katherine Viner) និងបានបញ្ជូនមក ដែលមានតួ នាទីជាអ្នកទទួលខុសត្រូវកម្មវិធីមិត្តអ្នកអាន (ត្រួត ពិនិត្យផ្ទៃក្នុង-internal Ombudsman)។ សារព័ត៌មានដឺហ្គាឌីយែន អាចធានាចំពោះឯកឧត្តម បានថា កំហុសឆ្គងត្រូវបានរកឃើញនិងជម្រាបមកយើង ដោយបុគ្គលិក ដែលជាអ្នកសរសេរអត្ថបទផ្ទាល់របស់សារព័ត៌មានដឺហ្គាឌីយែន (the Guardian)កាលពីម្សិលមិញ ហើយអត្ថបទនោះត្រូវបានកែសម្រួល និងបានបញ្ជាក់ការកត់ចំណាំនៅចុងអត្ថបទរួច (footnoted)។
ឯកឧត្តម អាចឃើញអត្ថបទដែលបានកែសម្រួលថ្មី ដែលមានការពាក់ព័ន្ធដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដូចមានក្នុងតំណភ្ជាប់ ។ អត្ថបទ នឹងត្រូវបានគ្រោងដាក់បញ្ចូលបន្ថែមទៅក្នុងបញ្ជីផ្នែកការកែតម្រូវ និងការបក ស្រាយបញ្ជាក់ (Correction and Clarification Column) តាមប្រព័ន្ធអនឡាញ នាពេលក្រោយ នៅក្នុងថ្ងៃនេះ (ម៉ោងផ្សព្វផ្សាយ ២០:០០ GMT)។ ស្មេរអត្ថបទមានការសោកស្តាយដោយបង្កឱ្យមានការបារម្ភដល់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណា ចក្រកម្ពុជា ប៉ុន្តែសង្ឃឹមថា ចំណាត់ការឆ្លើយតបយ៉ាងឆាប់រហ័សក្នុងការកែតម្រូវកំហុសឆ្គងនេះ នឹងផ្តល់នូវដំណោះស្រាយគួរជាទីពេញ ចិត្ត ។
សូមបញ្ជាក់ថា កាលពីថ្ងៃ ទី០៦ ខែតុលា ឯកឧត្តម កុយ គួង រដ្ឋលេខាធិការ និងជាអ្នក នាំពាក្យ ក្រសួងការបរទេសកម្ពុជា បានផ្ញើលិខិតជូន លោកស្រី ខេតធឺរីន វីននឺរ (Katherine Viner) និពន្ធនាយកសារព័ត៌មាន ដឺហ្គាឌីយែន (the Guardian) ឱ្យ សុំការបំភ្លឺពីលោកស្រី ទាក់ ទងទៅនឹងអត្ថបទដែលបានចុះផ្សាយតាមប្រព័ន្ធអនឡាញ ក្រោមចំណងជើង «ក្រុមហ៊ុនច្បាប់បង្កើតឡើងដោយប្រធា នាធិបតីស៊ីព្រ ត្រូវបានចោទ ប្រកាន់ពីបទលាក់បាំងទ្រព្យ សម្បត្តិរបស់និរទេសជនរុស្ស៊ី» ដែលបានចុះផ្សាយនៅថ្ងៃទី ៣ ខែ តុលា ឆ្នាំ ២០២១ និងសរសេរដោយ លូក ហាដឌីង (Luke Harding) និង ហេលេណា ស្មីត (Helena Smith)។ កថាខណ្ឌមួយនៃអត្ថបទនេះ បានសរសេរថា៖ «...មេដឹកនាំកម្ពុជា លោក ហ៊ុន សែន ត្រូវបានគេរកឃើញថា ស្ថិតក្នុងចំណោមជនជាតិមិនមែនអឺរ៉ុប រាប់ពាន់នាក់ដែលបានទទួលលិខិតឆ្លងដែនប្រទេសស៊ីព្រ»។ នេះគឺជាការអះអាងមិនពិតទាំង ស្រុង និងមិនអាចទទួលយកបាន ៕