ថ្លែងនៅក្នុងពិធីប្រកាសចូលកាន់មុខដំណែងអភិបាលខេត្តបាត់ដំបងថ្មី នាថ្ងៃទី១១ខែតុលាឆ្នាំ២០២១នាខេត្តបាត់ដំបង សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានថ្លែងថាព្រះរាជពិធីបុណ្យអុំទូក អកបំបុក សំពះព្រះខែឆ្នាំនេះអាចលុបចោលផងដែរ ដោយសារបញ្ហាកូវីដ មិនទាន់មានភាពធូរស្រាលនៅឡើយ ។
គួរបញ្ចាក់ផងដែរថា ព្រះរាជពិធីបុណ្យនេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាសម្រេចផ្អាករៀបចំពិធីនេះជាច្រើនលើកមកហើយ ដោយសារកត្តាគ្រោះធម្មជាតិផង និងដោយសារបញ្ហាកូវីដនៅក្នុងប្រទេសកម្ពុជាយើងផង ។
គួររំលឹកថានៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១កន្លងមកនេះ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងសារជាសម្លេងពិសេសពាក់ព័ន្ធការព្រួយបារម្ភ និងតាមដានស្ថានភាពឆ្លងជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជាអំឡុងនិងក្រោយពេលបុណ្យភ្ជុំបិណ្ឌ។
នៅក្នុងសារសម្លេងនោះ សម្តេចតេជោក៏បានបង្ហើបអំពីការសាកល្បងការបើកឱ្យដើរកំសាន្តអំឡុងពេលភ្ជុំបិណ្ឌ ប្រសិនបើគ្មានបញ្ហាធំនៃការឆ្លងរាលដាលនោះទេ រាជរដ្ឋាភិបាលអាចនឹងសម្រេចឱ្យមានដំណើរការពិធីបុណ្យបន្តបន្ទាប់ទៀតដូចជា បុណ្យអុំទូកជាដើមនេះ។ ដោយឡែកនៅថ្ងៃទី១១ ខែតុលាម្សិលមុិញនេះ សម្តេចក្រឡាហោម ស ខេង ក៍បានប្រកាសច្បាស់ៗ អំពីការផ្អាកពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ នៅថ្ងៃខាងមុខនេះផងដែរ ។