កំពត៖ ដោយសារស្ថានភាពភ្លៀងនៅបន្តធ្លាក់ចុះមកជារៀងរាល់ថ្ងៃ ធ្វើអោយផ្ទៃទឹកក្នុងទំនប់វារីអគ្គនីកំចាយហាក់កើនឡើងផ្ទៃទឹកដែលតម្រូវអោយគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពត នៅព្រឹកថ្ងៃចន្ទ ទី១១ ខែតុលា ឆ្នាំ២០២១នេះ បានចេញសេចក្ដីជូនដំណឹងពីការបើកទ្វាររំដោះទឹកចេញពីទំនប់វារីអគ្គិសនីកំចាយ ដោយសន្សឹមៗ ដោយសារស្ថានភាពទឹកភ្លៀងនៅតែបន្តធ្លាក់រយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នានៅទូទាំងខេត្តកំពត។
គួរបញ្ចាក់ថាភ្លៀងធ្លាក់ជាប់ៗគ្នាជាច្រើនថ្ងៃ បានធ្វើឱ្យលំហូរទឹកចូលក្នុងអាងស្តុកទឹកទំនប់វារីអគ្គិសនីកំចាយមានចំនួនកើនឡើង ដល់កម្រិតត្រូវរំដោះទឹកចេញពីទំនប់។ នៅក្នុងសេចក្តីជូនដំណឹងរបស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ បានអោយដឹងថា ក្រុមបច្ចេកទេសនៃទំនប់វារីអគ្គិសនីកំចាយ នឹងធ្វើការបើកបង្ហូរទឹកដោយសន្សឹមៗ នៅវេលាម៉ោង ១១និង០០នាទី នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១នេះ។គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ អំពាវនាវដល់ប្រជាពលរដ្ឋ ពិសេសអ្នករស់នៅតាមបណ្ដោយព្រែកកំពត មានការប្រុងប្រយ័ត្នខ្ពស់៕