ជាការពិតណាស់មានការសិក្សាជាច្រើនបង្ហាញថា ចំណីអាហារ ដែលអ្នកបានញ៉ាំ មានឥទ្ធិពលដល់សុខភាពខួរក្បាលរបស់អ្នកជាខ្លាំង ហើយវាអាចឈានដល់ការវិវត្តទៅរកជំងឺខួរក្បាលម៉្យាង ហៅថាជំងឺ Alzheimer ជាដើម។ មានការព្យាករណ៏ជាច្រើនបាននិយាយថា នៅឆ្នាំ ២០៥០ ចំនួនមនុស្ស ដែលអាចមានជំងឺនេះនឹងអាចកើនឡើងទ្វេដងនៃចំនួនមនុស្សបច្ចុប្បន្ននេះ។
បើយោងតាមម៉ាយអូគ្លីនិក បានអោយដឹងថា មានថ្នាំជាច្រើនប្រភេទ នៅលើទីផ្សារ ដែលត្រូវបានអនុញ្ញាតអោយលក់និងចែកចាយដើម្បីជួយការពារ ជំងឺ Alzheimer នេះ ប៉ុន្តែការថែរក្សាសុខភាពខួរក្បាលតាមរយៈអ្វីដែលអ្នកគួរបរិភោគ ឬមិនបរិភោគវាជះឥទ្ធិពលយ៉ាងខ្លាំងទៅលើបញ្ហាជំងឺនេះ។ ដូច្នេះខ្ញុំបាទនឹងណែនាំនូវអាហារទាំង៧ដែលអ្នកគួរតែញ៉ាំដើម្បីសុខភាពខួរក្បាល។
១. គ្រាប់ធញ្ញជាតិ
ការញ៉ាំគ្រាប់ធញ្ញជាតិអាចជួយការពារជំងឺទឹកនោមផ្អែមប្រភេទទី២ ជំងឺបេះដូង ជំងឺប្រព័ន្ធរំលាយអាហារ អ្វីដែលពិសេសនោះវាអាចជួយដល់ខួរក្បាលថែមទៀតផង។ ការសិក្សាស្រាវជ្រាវមួយរបស់សាកលវិទ្យាល័យមីនីសូតា បានរកឃើញថា គ្រាប់ធញ្ញជាតិ ផ្តល់ថាមពលដល់ខួរក្បាល ជាពិសេសវាជាប្រភពដ៏សំខាន់នៃជាតិគ្លុយកូសធម្មជាតិ និងសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មនិងសមាសធាតុផ្សេងៗទៀតដែលជួយការពារការរលាក ដែលអាចបណ្តាលឱ្យមានបញ្ហារលាកខួរក្បាលធ្ងន់ធ្ងរ និងជំងឺប្រព័ន្ធសរសៃប្រសាទជាដើម។ មិនតែប៉ុណ្ណោះវាក៏សំបូរទៅដោយជាតិសរសៃ និងសារធាតុចិញ្ចឹមដែលជំនួយដល់ប្រព័ន្ធរំលាយអាហាររបស់យើងផងដែរ។
២. បន្លែបៃតង និងបន្លែក្តោប
នៅក្នុងមន្ទីរពិសោធន៍ជាច្រើនបានរកឃើញថា ស្លឹកបៃតងអាចបង្កើតប្រព័ន្ធប្រសាទ និងកាត់បន្ថយការកកស្ទះចរន្តឈាមនៅក្នុងខួរក្បាល។ បន្លែក្តោបមានដូចជា ដើមខាត់ណា ផ្កាខាត់ណា និងស្ពៃក្តោបជាដើមមានប្រយោជន៏ដល់សុខភាពខួរក្បាលផងដែរ។ The Journal of Functional Foods បានអោយដឹងថារបបអាហារដែលមានបន្លែក្តោប cruciferous ខ្ពស់ អាចជួយកាត់បន្ថយស្ត្រេស អុកស៊ីតកម្ម ដែលកើតឡើងនៅពេលពុំមានតុល្យភាពរវាងរ៉ាឌីកាល់សេរី និងសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលវាអាចបំផ្លាញសារធាតុចិញ្ចឹម និងសារធាតុគីមីផ្សេងៗទៀតដែលនៅក្នុងខួរក្បាលរបស់អ្នក ហើយវាថែមទាំងអាចបង្កអោយមានការខូចខាត ដល់កោសិកាសរសៃប្រសាទថែមទៀតផង។
៣. ផ្លែប៊្លូប៊ឺរី
ផ្លែប៊្លូបឺរីត្រូវបានគេកត់សម្គាល់ថាមានសមត្ថភាពប្រឆាំងនឹងភាពតានតឹង អុកស៊ីតកម្ម និងការរលាក។ អ្នកស្រាវជ្រាវជាច្រើនថែមទាំងបានណែនាំថា របបអាហារដែលមានផ្លែប៊្លូបឺរី អាចទប់ស្កាត់ភាពចាស់មុនអាយុនៃកោសិកាសរសៃប្រសាទ។ ប៊្លូបឺរីមានសមាសធាតុប៉ូលីហ្វេណុលដែលដើរតួជាអង់ទីអុកស៊ីដង់ដែលមានន័យថា វាអាចជួយប្រយុទ្ធប្រឆាំងរ៉ាឌីកាល់សេរីដែលមានភាពរញ៉េរញ៉ៃនៅក្នុងខួរក្បាលរបស់យើង។
៤. អាហារដែលសម្បូរខ្លាញ់ល្អ
មិនមែនខ្លាញ់ទាំងអស់សុទ្ធតែអាក្រក់ដល់សុខភាពរបស់អ្នកនោះទេ ជាក់ស្តែងខ្លាញ់ដែលមាននៅក្នុងត្រី Salmon ឬត្រីគ្រប់ប្រភេទ ដែលមានរបបអាហារត្រឹមត្រូវសុទ្ធសឹងតែសម្បូរទៅដោយ Omega 3 និងខ្លាញ់ល្អ ដែលជួយទប់ស្តាត់ខ្លាញ់ដែលលើសឬខ្លាញ់ដែលស្តុកទុកនៅក្នុងរាងកាយ និងថែមទាំងកាត់បន្ថយហានិភ័យនៃជំងឺបេះដូង និងខួរក្បាលផងដែរ។ មិនតែប៉ុណ្ណោះ ប្រេងអូលីវដែលចម្រាញ់ចេញមកពីធម្មជាតិ ក៏ត្រូវបានគេរកឃើញថាសម្បូរទៅដោយអត្ថប្រយោជន៏ជាច្រើនដល់សុខភាពខួរក្បាល ភ្នែក និងកាត់បន្ថយការលើសទម្ងន់ផងដែរ។
៥. គ្រាប់វ៉ល់ណាត់
គ្រាប់វ៉ល់ណាត់រកឃើញថាសម្បូរទៅដោយអង់ទីអុកស៊ីដង់ និងខ្លាញ់ល្អ ដែលអាចជួយសម្រួលដល់ដំណើរប្រតិបត្តិការនៃខួរក្បាលអោយបានល្អ មិនតែប៉ុណ្ណោះវាក៏ជួយប្រយុទ្ធប្រឆាំងនឹងជំងឺបេះដូង និងមហារីកមួយចំនួនផងដែរ។
៦. ទឹកដោះគោ
គ្រប់ផលិតផលទឹកដោះគោទាំងអស់សុទ្ធតែមានសារៈសំខាន់ដល់ប្រព័ន្ធដំណើរការនៃខួរក្បាល ព្រោះវាសម្បូរទៅដោយ វីតាមីន B និង B12 ដែលអាចជួយអោយជាលិកានៃខួរក្បាលដំណើរបានរលូន ការចងចាំកាន់ប្រសើរ និងជួយដល់ការគេងលក់អោយបានស្កប់ស្កាល់។
៧. កាហ្វេ
ការស្រាវជ្រាវថ្មីៗបានបញ្ជាក់ថាការទទួលទានកាហ្វេមិនមែនគ្រាន់តែជាវិធីមួយដែលធ្វើឱ្យអ្នកមានអារម្មណ៏ស្រស់ថ្លា និងមិនងងុយគេងនៅម៉ោងធ្វើការប៉ុណ្ណោះទេ ប៉ុន្តែវាអាចការពារជំងឺភ្លេចភ្លាំង និងអាចកាត់បន្ថយហានិភ័យនៃការវិវត្តរបស់ជំងឺធ្លាក់ទឹកចិត្ត និងជំងឺដាច់សរសៃឈាមខួរក្បាលផងដែរ។
អត្ថបទដកស្រង់ពី Health Digest
កែសំរួលអត្ថបទ និងរៀបរៀងវីដេអូដោយ BeeTube News Team