នៅព្រឹកថ្ងៃចន្ទទី ១១ខែតុលា ឆ្នាំ២០២១សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិអញ្ជើញជាអធិបតីបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី៣ (ដូសជំរុញ) ក្នុងក្របខណ្ឌរាជធានីភ្នំពេញ ដែលពិធីនេះប្រារព្ធធ្វើនៅក្នុងបរិវេណបញ្ជាការដ្ឋានកងពលលេខ៧០ (ចោមចៅ)។
ក្រុមការងារចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិទទួលភារកិច្ចចាក់នៅក្នុងខណ្ឌចំនួន៦រួមមាន៖ខណ្ឌកំបូល ដង្កោ មានជ័យ ពោធិ៍សែនជ័យ ទួលគោក ឫស្សីកែវ និងតាមបណ្តារោងចក្រក្នុងខណ្ឌទាំង៦នេះ។
ប្រជាពលរដ្ឋក្នុងខណ្ឌទាំង៦ ដែលកងទ័ពរ៉ាប់រងចាក់នេះមានចំនួនសរុប ១,០២៦,១២៦នាក់។ដោយឡែកកម្លាំងកងទ័ពដែលនឹងត្រូវចូលរួមប្រតិបត្តិការនេះ មានចំនួន ៣,៥៧៨នាក់ មាន ១៥២ក្រុមពេទ្យ ស្មើនឹង ១,០៩១នាក់ និងកម្លាំងបម្រើការងារ ២,៤៨៧នាក់។
ក្រៅតែពីភារកិច្ចស្នូលក្នុងការពារបូរណភាពទឹកដីហើយនោះ កងទ័ពតែងបានក្លាយទៅជាកម្លាំងដ៏សំខាន់ក្នុងការជួយដល់រាជរដ្ឋាភិបាលក្នុងគ្រាចាំបាច់ និងមានអាសន្នផ្សេងៗ។ក្នុងប្រតិបត្តិការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នេះ កងទ័ពក៏បានចូលរួមចំណែកយ៉ាងសស្រាក់សស្រាំ និងដោយស្មារតីទទួលខុសត្រូវខ្ពស់ផងដែរ។