Islamabad-AP
ពួកតាលីបង់បាននិយាយកាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិកបានយល់ព្រមនឹងផ្តល់ជំនួយមនុស្សធម៌ដល់ប្រទេសមួយដែលក្រីក្រនិងអស់សង្ឃឹមគឺអាហ្វហ្គានីស្ថាន ក្នុងពេលដែលមហន្តរាយនៃសេដ្ឋកិច្ចនឹងចូលមកដល់,តែបដិសេធមិនទទួលស្គាល់ខាងផ្នែកនយោបាយចំពោះពួកតាលីបង់ថាអ្នកគ្រប់គ្រងប្រទេសថ្មីនោះទេ។សេចក្តីថ្លែងការណ៍បានបញ្ចេញឲ្យដឹងរវាងអតីតសត្រូវទាំង២នៅពេលដែលការជួបគ្នាដោយផ្ទាល់និងជាលើកទី១បានបញ្ចប់ ចាប់តាំងពីការដកកងទ័ពអាមេរិកដោយប្រញ៉ាប់ប្រញ៉ាល់កាលពីចុងខែសីហា។
សេចក្តីថ្លែងការណ៍របស់អាមេរិកហាក់ដូចជាមានន័យមិនច្បាស់លាស់ ដោយគ្រាន់តែនិយាយថាភាគីទាំង២ “ បានជជែកគ្នាពីជំហររបស់សហរដ្ឋអាមេរិកក្នងការផ្តល់ជំនួយមនុស្សធម៌ដោយផ្ទាល់ដល់ពលរដ្ឋអាហ្វហ្គានីស្ថាន”។ពួកតាលីបង់បាននិយាយថាការជជែកគ្នាបានធ្វើឡើងនៅទីក្រុងដាហានៃប្រទេសកាតា បានប្រព្រឹត្តិទៅដោយរលូន ដោយទីក្រុង វ៉ាស៊ីនតោន បានសន្យាថានឹងផ្តល់ជំនួយមនុស្សធម៌ដល់ពលរដ្ឋអាហ្វហ្គានីស្ថាន ដោយមិនភ្ជាប់ការជំនួយនេះទៅនឹងការទទួលស្គាល់ជាផ្លូវការចពោះពួកតាលីបង់នោះទេ។
សហរដ្ឋអាមេរិកបានបញ្ជាក់យ៉ាងច្បាស់ថា ការជជែកគ្នានេះមិនមែនជាសញ្ញាប្រាប់ជាមុនថានឹងទទួលស្គាល់ពួកតាលីបង់ ដែលបានចូលមកកាន់អំណាចកាលពីថ្ងៃទី១៥ខែសីហា បន្ទាប់ពីរដ្ឋាភិបាលសម្ព័ន្ធមិត្តរបស់អាមេរិកបានដួលរលំ។អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Ned Price បានហៅការប្រជុំនេះថាបានប្រព្រឹត្តិទៅដោយល្អប្រសើរនិងប្រកបទៅដោយវិជ្ជាជីវះ ដោយភាគីអាមេរិកបាននិយាយដោយទទូចថា ពួកតាលីបង់នឹងត្រូវបានគេវិនិច្ឆ័យដោយសកម្មភាព មិនមែនពាក្យសំដីនោះទេ។
សេចក្តីថ្លែងការណ៍របស់សហរដ្ឋអាមេរិកបានបញ្ជាក់ទៀតថា “ គណប្រតិភូអាមេរិកបានផ្តោតការយកចិត្តទុកដាក់ទៅលើការព្រួយបារម្ភផ្នែកសន្តិសុខនិងភេវរកម្ម ហើយនិងសុវត្តិភាពនៃការឆ្លងកាត់របស់ពលរដ្ឋអាមេរិក ,ជនជាតិបរទេសផ្សេងទៀត និងដៃគូរអាហ្វហ្គានីស្ថានរបស់យើង បញ្ហាសិទ្ធមនុស្ស រួមបញ្ចូលទាំងការចូលរួមពីស្ត្រីនិងក្មេងស្រីទៅក្នុងសង្គមអាហ្វហ្គានីស្ថាន ទៀតផង។