ប្រធានាធិបតី Tsai Ing-wen បាននិយាយក្នុងពិធីប្រារព្វបុណ្យជាតិថា តៃវ៉ាន់នឹងបន្តរពង្រីកពង្រឹងកិច្ចការពារជាតិរបស់ខ្លួនដើម្បីធានាថានឹងមិនត្រូវបានបង្ខំឲ្យទទួលយកផ្លូវដែលដាក់ចេញដោយចិន, ដែលមិនបានផ្តល់ឲ្យទាំងសេរីភាពនិងប្រជាធិបតេយ្យ។ មួយថ្ងៃមុននេះលោកប្រធានាធិបតី Xi Jing Ping បានប្តេជ្ញាចិត្តថានឹងធ្វើឲ្យក្លាយទៅជាការពិត “នូវការបង្រួបបង្រួមជាតិដោយសន្តិភាព” ជាមួយតៃវ៉ាន់តែមិនបាននិយាយថានឺងប្រើកំលាំងនោះទេទោះជាយ៉ាងណាដោយក៏លោកបានទទួលមកវិញនូវប្រតិកម្មខឹងសម្បារពីតៃវ៉ាន់ ដែលបាននិយាយថាមានតែពលរដ្ឋតៃវ៉ាន់ទេដែលជាអ្នកសម្រេចពីអនាគតរបស់ខ្លួន។
ក្នុងការថ្លែងទៅកាន់ការជួបជុំនៃពិធីបុណ្យជាតិលោកស្រី Tsai បាននិយាយថា អ្នកស្រីសង្ឃឹមថានឹងមានការសម្រួលនូវភាពតានតឹងនៅច្រកចេញចូលតៃវ៉ាន់ព្រមទាំងនិយាយដោយទទូចថាអ្នកស្រីនឹងមិនធ្វើអ្វីដោយប្រញ៉ាប់ប្រញ៉ាល់នោះទេ។ អ្នកស្រីក៏បាននិយាយនៅក្នុងសុន្ទរកថាមួយនៅខាងក្រៅវិមានប្រធានាធិបតីកណ្តាលទីក្រុងតៃបុិថា “ដាច់ខាតមិនគួរមានការបកស្រាយថាប្រជាពលរដ្ឋតៃវ៉ាន់នឹងអោនក្បាលចំពោះសម្ពាធណាមួយនោះទេ។ យើងនឹងបន្តរពង្រឹងកិច្ចការពារជាតិនិងបង្ហាញនូវការប្តេជ្ញាចិត្តដើម្បីការពារខ្លួនឯងដើម្បីធានាថាគ្មាននរណាម្នាក់អាចបង្ខំតៃវ៉ាន់ឲ្យទទួលយកផ្លូវដែលចិនដាក់ចេញឲ្យយើងដើរនោះទេ” ។ “ នេះក៏ពីព្រោះផ្លូវដែលចិនដាក់ចេញឲ្យយើងដើរមិនបានផ្តល់ទាំងសេរីភាពនិងដំណើរជីវិតប្រជាធិបតេយ្យ សំរាប់តៃវ៉ាន់ទាំងអធិបតេយ្យភាពសំរាប់ប្រជាពលរដ្ឋតៃវ៉ាន់២៣លាននាក់របស់យើង”។
អះអាងដោយចិនថាជាបូរណភាពដែនដីរបស់ខ្លួន, តៃវ៉ាន់ស្ថិតនៅក្រោមសម្ពាធនយោបាយនិងយោធាពីទីក្រុងប៉េកាំងរួមបញ្ចូលទាំងបេសកកម្មកងអាកាសចិនចូលមកក្នុងតំបន់កណត់អត្តសញ្ញាណការពារដែនអាកាសតៃវ៉ាន់ដែលធ្វើឲ្យមានការព្រួយបារម្ភពីសំណាក់អន្តរជាតិយ៉ាងខ្លាំង។
លោកស្រី Tsai បានស្នើរជាញឹកញយក្នុងការជជែកជាមួយទីក្រុងប៉េកាំងតែចិនបានបដិសេធមិនព្រមធ្វើទំនាក់ទំនងជាមួយអ្នកស្រីដោយហៅអ្នកស្រីថាជាជនបំបែករដ្ឋដែលមិនទទួលស្គាល់ថាតៃវ៉ាន់ជាទឹកដីរបស់ចិន។
អ្នកស្រីបានថ្លែងទៀតថា សុឆន្ទៈរបស់តៃវ៉ាន់នឹងមិនប្រែប្រួលឡើយហើយនឹងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបានដើម្បីថែររក្សារស្ថានការណ៏បច្ចុប្បន្នជាមួយនឹងចិនមិនឲ្យមានការផ្លាស់ប្តូរជាឯកតាភាគីឡើយ។