(ខេត្តកណ្តាល)៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចជំនាញស្រុកមុខកំពូលសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីជ្រោយឃាត់ខ្លួនពាក់ព័ន្ធករណីលួចម៉ូតូហេតុការណ៍នេះបានកើតឡើងថ្ងៃព្រហស្បតិ៍ ត្រូវនឹងថ្ងៃទី៧ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង៩:៣០នាទី មុខរោងបោកអ៊ុតខោអាវរបស់ជនរងគ្រោះជាប់ផ្លូវជាតិលេខ៦ ភូមិជ្រោយមេត្រីលើ ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល។ ជនរងគ្រោះឈ្មោះ ហ្វី ម៉ូសា ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរបោកអ៊ុតខោអាវមានទីលំនៅភូមិជ្រោយមេត្រីលើ ឃុំឬស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល។
ចំណែកជនសង្ស័យឈ្មោះ ហ៊ីម សានី ភេទប្រុស អាយុ ១៨ឆ្នាំ ខ្មែរឥស្លាម មុខរបរមិនពិតប្រាកដមានទីលំនៅភូមិលើ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។
វត្ថុតាងចាប់យក៖ ម៉ូតូម៉ាកហុងដា BEAT ពណ៌ស ខៀវ ពាក់ផ្លាកលេខភ្នំពេញ1.II.7713 ចំនួន ០១គ្រឿង របស់ជនរងគ្រោះ។ តាមសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថាកន្លងមកជនសង្ស័យជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀននិងជាមុខសញ្ញាធ្វើសកម្មភាពលួចមាន់នៅក្នុងមូលដ្ឋាន។ លុះនៅថ្ងៃកើតហេតុជនរងគ្រោះបានជិះម៉ូតូមកពីប្រមូលខោអាវពីម៉ូយតាមភូមិហើយបានទុកម៉ូតូ នៅមុខរោងបោកអ៊ុតខោអាវរបស់ខ្លួនដោយទុកកូនសោនៅជាប់នឹងម៉ូតូហើយជនរងគ្រោះក៍យកខោអាវដើរចូលទៅក្នុងរោងដាក់បោកអ៊ុត។ ក្នុងពេលនោះក៍ឃើញជនសង្ស័យដើរចូលមក បណ្ដើរម៉ូតូចេញពីមុខតូបរួចក៍បញ្ឆេះម៉ូតូជិះចេញទៅទិសខាងត្បូង ភ្លាមនោះជនរងគ្រោះក៏បានទូរស័ព្ទប្ដឹងសមត្ថកិច្ច។ ហើយសមត្ថកិច្ចក៏បានចេញជួយអន្តរាគមន៍តាមចាប់ជនសង្ស័យភ្លាមៗតែរកជនសង្ស័យមិនឃើញដោយជនសង្ស័យជិះម៉ូតូយ៉ាងលឿនក្នុងគោលបំណងយកម៉ូតូទៅលក់នៅឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ប៉ុន្តែអត់មានអ្នកទិញ។
បន្ទាប់មកជនសង្ស័យក៏ជិះម៉ូតូត្រឡប់មកភូមិឈើទាល ឃុំព្រែកអញ្ចាញវិញ។ ក្នុងពេលនោះកម្លាំងសមត្ថកិច្ចដែលកំពុងចេញតាមស្រាវជ្រាវចាប់ជនសង្ស័យក៏បានឃើញជនសង្ស័យជិះម៉ូតូតាមផ្លូវបេតុងក្នុងភូមិឈើទាលឃុំព្រែកអញ្ចាញ ក៍ចាប់ឃាត់ជនសង្ស័យ និងវត្ថុតាង បញ្ជូនមក ប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីជ្រោយ ដើម្បីធ្វើការសាកសួរ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានលួចម៉ូតូជនរងគ្រោះឈ្មោះ ហ្វី ម៉ូសា ពិតប្រាដកមែន។
ករណីនេះសមត្ថកិច្ចជំនាញនិងប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីជ្រោយកសាងសំណុំរឿងដើម្បីបន្តចាត់ការតាមនីតិវិធី៕