សន្ទះនៃលំហូភ្ញៀវទេសចរមកលេងកម្សាន្តលំហែកាយនៅតាមរមណីយដ្ឋានធម្មជាតិនានាក្នុងខេត្តកោះកុងត្រូវបានគេមើលឃើញថា កម្រើកឡើងវិញហើយនៅអំឡុងថ្ងៃបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២១រយៈពេល៣កន្លងមកនេះបើតាមការឲ្យដឹងពីមន្រ្តីជាន់ខ្ពស់មន្ទីរទសចរណ៍ខេត្តកោះកុង ។
តាមរបាយការណ៏បានឲ្យដឹងថា៣ថ្ងៃអំឡុងថ្ងៃបុណ្យភ្ជុំបិណ្ឌខេត្តកោះកុងមានភ្ញៀវទេសចរជាតិនិងអន្តរជាតិប្រមាណ១១,២៤៨នាក់ ដោយមានភ្ញៀវទេសចរជាតិ១១,១៥៥នាក់ និងបរទេសចំនួន៩៣នាក់។ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២០គឺថយចុះ១៥,០៧៥នាក់ស្មើ៥៧ភាគរយ។ ទោះយ៉ាងណាប្រធានមន្ទីរទសចរណ៍ខេត្តកោះកុងយល់ឃើញថា៣ថ្ងៃគិតពីថ្ងៃទី៥ដល់ថ្ងៃទី៧ខែតុលា ខេត្តហាក់មានវត្តមានភ្ញៀវទេសចរឡើងវិញបើធៀបនឹង២ឆ្នាំមុនព្រោះការញុំញីដោយសារវិបត្តិជំងឺកូវីដ១៩។
លោក សុខ ចាន់គ្រឹះស្នា លោកប្រធានមន្ទីរទសចរណ៍ខេត្តកោះកុងឱ្យដឹងព្រឹកថ្ងៃទី៨ខែតុលា ថាដំណើរការបើកទ្វាររមណីយដ្ឋានធម្មជាតិ និងតំបន់កែច្នៃសុទ្ធតែត្រូវបានណែនាំឱ្យអនុវត្តវិធានការរក្សាសុវត្ថិភាពចំណីអាហារ ទីកន្លែងស្នាក់នៅ ឬការផ្តល់សេវាកម្សាន្តផ្សេងៗទៀតជាពិសេសអនុវត្តវិធានការសុខាភិបាលទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩។
ភាពធូរស្បើយនៃជំងឺកូវីដគឺជាកត្តាអាចស្តារសេដ្ឋកិច្ចជីវភាពឡើងវិញតាមរយៈការផ្តល់សេវាទេសចរណ៍ប្រសិនណាមិនចូលរួមទប់ស្កាត់ទាំងអស់គ្នាការស្តារសេដ្ឋកិច្ចសង្គមមិនអាចធ្វើទៅបានប្រកបដោយនិរន្តរភាពនោះទេ។ តាមក្រុមមន្រ្តីពិនិត្យវាយតម្លៃឃើញថា ទាំងប្រតិបត្តិករ អាជីវករ និងអ្នកទេសចរ ពិតជាអនុវត្តនូវវិធានការសុខាភិបាលយ៉ាងល្អប្រសើរអំឡុងថ្ងៃភ្ជុំបិណ្ឌកន្លងទៅនេះ។
សហគមន៍អេកូទេសចរធម្មជាតិព្រៃកោងកាងពាមក្រសោបស្ថិតនៅក្នុងចំណោមរមណីយដ្ឋានជាច្រើនទៀតនៅក្នុងទឹកដីខេត្តកោះកុង ក៏បានទទួលបានភ្ញៀវទេសចរចូលសម្រាកលំហែកាយប្រមាណជិត៣.០០០នាក់ដែរ។
បើតាមលោក ជ័យ យឿន ប្រធានសហគមន៍អេកូធម្មជាតិព្រៃកោងកាងពាមក្រសោបបានឲ្យដឹងថាតួលេខភ្ញៀវទេសចរនៅពេលនេះ បើនឹងកន្លងទៅមានតែអ្នកទេសចរក្នុងខេត្តតែ៣០ទៅ៥០នាក់ប៉ុណ្ណោះសម្រាប់ថ្ងៃចុងសប្តាហ៍។ លោកបន្ថែមថា មុននឹងបើកទ្វារចាំទទួលបណ្តាអ្នកទេសចរមកពីទីជិត ឬឆ្ងាយសហគមន៍របស់លោកបានរៀបចំសោភ័ណ្ឌអនាម័យបរិស្ថានទៅតាមអ្វីដែលការជូនដំណឹងរបស់រដ្ឋបាលខេត្តនិងក្រសួងជំនាញយ៉ាងខ្ជាប់ខ្ជួន។ មុនអនុញ្ញាតឱ្យចូលក្នុងសហគមន៍គឺតម្រូវឱ្យអនុវត្តសុខាភិបាលជាចាំបាច់ដូចជា៖ វ៉ាស់កំដៅ លាងដៃនឹងអាល់កុល និងម៉ាស់ជាដើម។
សូមបញ្ជាក់ថា វិស័យទេសចរណ៍នៅខេត្តកោះកុងហាក់កម្រើកឡើងវិញបន្តិចហើយក្រោយប្រមុខរដ្ឋាភិបាលកម្ពុជាបើកភ្លើងខៀវដល់ពលរដ្ឋនិងអ្នកទេសចរអាចធ្វើដំណើរទៅលេងកម្សាន្តនៅតាមរមណីយដ្ឋានធម្មជាតិនានាទូទាំងប្រទេសហើយក្រុមអ្នកទេសចរមកពីបណ្តាខេត្តផ្សេងៗដែលមកចូលលេងនៅសហគមន៍ពាមក្រសោបក៏គាំទ្រចំពោះការអនុវត្តវិធានការសុខាភិបាលឈរលើគោលការណ៍បង្ការការពារទប់ស្កាត់ជំងឺកូវីដទោះបីជាមានការចាក់វ៉ាក់សាំងក៏ដោយ៕ (មានជ័យ)