ម៉ាឡេស៊ីបាននិយាយកាលពីថ្ងៃពុធថា គេនឹងបើកការជជែកជាមួយនឹងរដ្ឋាភិបាលស្រមោលមីយ៉ាន់ម៉ា បើសិនជាក្រុមយោធាខកខានមិនសហការណ៍ជាមួយនឹងការខិតខំប្រឹងប្រែងរបស់អាស៊ាន ដើម្បីស្វែងរកដំណោះស្រាយ, នេះជាសេចក្តីប្រកាសជាលើកដំបូងដោយសមាជិកមួយនៅក្នុងតំបន់អាស៊ាន។
ទន្ទឹមគ្នានេះដែរ បេសកជនពិសេសនៅក្នុងប្លុកនេះបាននិយាយថា សមាជិកអាស៊ានកំពុងតែពិភាក្សាគ្នា ដើម្បីនឹងមិនអនុញ្ញាតិឲ្យមីយ៉ាន់ម៉ាចូលរួមនៅក្នុងកិច្ចប្រជុំកំពូលនាពេលខាងមុខ ដោយសារតែផែនការ៥ចំណុចដែលបានព្រមព្រៀងគ្នា បានដើរថយក្រោយក្នុងការធ្វើឲ្យមានសន្តិភាព និងប្រជាធិបតេយ្យឡើងវិញ។
លោក Wong Chen សមាជិកសភាម៉ាឡេស៊ី បានសួរលោករដ្ឋមន្ត្រីក្រសួងការបរទេសម៉ាឡេស៊ីលោក Sufuddin Abdullah នៅក្នុងមន្ទីររដ្ឋសភាថាតើ ទីក្រុងកូឡាឡាំពួរ នឹងចាប់ផ្តើមជជែកជាមួយរដ្ឋាភិបាលស៊ីវិល ឯកភាពជាតិ (NUG) មីយ៉ាន់ម៉ាដែរឬទេ ? បើសិនជាពួកយោធារារាំងមិនឲ្យបេសកជនពិសេសអាស៊ានជួបជាមួយគ្រប់ភាគីទាំងអស់ដែលជាប់ពាក់ព័ន្ធ។
Sufoddin បានឆ្លើយថា "តំណាក់ការជាបន្តបន្ទាប់ដើម្បីអនុវត្តិន៍នូវផែនការ៥ចំណុចដែលបានព្រមព្រៀងគ្នាកំពុងតែដំណើរការជាមួយនឹងអ្វីដែលមនុស្សអាចធ្វើបាន គឺបេសកជនពិសេសអាស៊ាន" ។ "បើសិនជាមិនអាចដំណើរការបាន ខ្ញុំជឿថាអ្វីដែលលើកឡើងដោយសមាជិកសភានឹងអាចកើតមាន ព្រោះអ្វីដែលបានព្រមព្រៀងគ្នាជាកុងសង់ស៊ីសមិនបានទទួលជោគជ័យ"។
នៅក្នុងទីក្រុង កូឡាឡាំពួរ លោក Sufoddin បានប្រាប់សភាថា បេសកជនពិសេសអាស៊ានបាននិយាយថា "ទីក្រុង ណៃពិដោរ មិនបានសហការណ៍ទៅតាមគោលការណ៍កុងសង់ស៊ីសនោះទេ បើសិនជារឿងនេះនៅតែបន្តទៅយ៉ាងនេះរហូត វិធានការណ៍ដ៏ម៉ឺងម៉ាត់មួយត្រូវតែមាន" លោករដ្ឋមន្ត្រីបានមានប្រសាសន៍យ៉ាងដូច្នេះទៅកាន់អង្គសភាម៉ាឡេស៊ី។
លោក Eryvan Yusof បេសកជនអាស៊ានសំរាប់មីយ៉ាន់ម៉ា បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃពុធថា អាស៊ានកំពុងធ្វើការពិចារណាឲ្យបានច្បាស់លាស់ក្នុងការមិនអញ្ជើញមេដឹកនាំភូមាចូលរួមក្នុងកិច្ចប្រជុំកំពូលនាចុងខែនេះ៕