នៅព្រឹកថ្ងៃទី ៧ ខែ តុលា ឆ្នាំ២០២១នេះ មានអគ្គីភ័យមួយបានឆាបឆេះលំនៅដ្ឋានរបស់ប្រជាពលរដ្ឋនៅលើកោះរ៉ុងដោយអគ្គីភ័យនេះបានបង្កអោយឆេះហាងលក់ដូរមួយកន្លែង នៅភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ។
បើតាមការបញ្ជាក់ពីលោក នួន ប៊ុនថុល អភិបាលនៃគណៈអភិបាលក្រុងកោះរ៉ុង បានអោយដឹងជាបឋមថា អគ្គីភ័យខាងលើនេះបានឆេះបំផ្លាញលំនៅដ្ឋានប្រមាណ២ខ្នង ហើយភ្លាមៗនោះមន្រ្តីមូលដ្ឋាន និងប្រជាពលរដ្ឋ ដែលដឹកនាំដោយរូបលោកផ្ទាល់ បានចុះអន្តរាគមន៍ពន្លត់កុំអោយមានការឆេះរាលដាលបន្ត ។
ចំពោះមូលហេតុ និងការខូចខាតលោកអភិបាលក្រុងបានអោយដឹងជាបឋមថា ៖ ហាងបាយមួយដែលផ្តើមហេតុបានឆេះខូចខាតស្ទើរទាំងស្រុង និងហាងមួយទៀតនៅក្បែរគ្នានោះ ខូចខាតផ្នែកខ្លះ។ ហើយមូលហេតុនៃអគ្គីភ័យនេះគឺបណ្តាលមកពីធ្លាយធុងហ្គាសឆាបជាមួយភ្លើងចង្ក្រាន ។គិតត្រឹមម៉ោង ៩ ព្រឹកថ្ងៃដដែលនេះអគ្គីភ័យត្រូវគ្រប់គ្រងបានទាំងស្រុងហើយ ៕