ព្រឹកថ្ងៃពុធ ទី៦ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ចើញសំណេះសំណាល និងសាកសួរសុខទុក្ខកងកម្លាំងនគរបាល នៃស្នងការនគរបាលខេត្តព្រះសីហនុ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ។
ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត ចំពោះគណៈស្នងការ និងមន្ត្រីនគរបាល នៃស្នងការនគរបាលខេត្តព្រះសីហនុ ស្របពេលដែលប្រជាពលរដ្ឋ មន្ត្រីរាជការឈប់សម្រាកការងារក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ តែកម្លាំងនគរបាលរបស់យើងមិនបានឈប់សម្រាកទេ រឹតតែបង្កើនសកម្មភាពបំរើសេវា ការពារសន្តិសុខ សុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរនៅតាមតំបន់រមណីយដ្ឋាននានា និងតំបន់ឆ្នេរ។
ឯកឧត្តមអភិបាលខេត្តបានបន្តថា រាជរដ្ឋាភិបាលបានធ្វើការអំពាវនាដល់បងប្អូនប្រជាពលរដ្ឋ ត្រូវតែអនុវត្តវិធានសុខាភិបាល និងអនុសាសន៍ ៣ការពារ និង៣កុំ ឱ្យបានខ្ជាប់ខ្ជួន ដើម្បីរួមគ្នាកាត់បន្ថយការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងឱកាសពិធីបុណ្យភ្ជំបិណ្ឌនេះ ដើម្បីបើកដំណើរការសេដ្ឋកិច្ចឡើងវិញ។
ឯកឧត្តម អភិបាលខេត្តបានបញ្ជាក់ថា រាជរដ្ឋាភិបាលបានបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានជាង៨០ភាគរយ ហើយខេត្តព្រះសីហនុក៏បានចាក់វ៉ាក់សាំងបានជាង៨០ភាគរយហើយដែរ ដើម្បីបង្កើនភាពសាំក្នុងខ្លួន និងកាត់បន្ថយការឆ្លងជំងឺកូវីដ-១៩។
ជាមួយគ្នានេះ ឯកឧត្តមក៏បានសំណូមពរឱ្យថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលរបស់យើង បង្កើនការល្បាតនៅតាមគោលដៅសំខាន់ៗ ជាពិសេសនៅតាមឆ្នេរសមុទ្រជាប្រចាំ ដើម្បីធានាសន្តិសុខ សុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរឱ្យកាន់តែមានភាពកក់ក្តៅក្នុងការមកលេងកម្សាន្តនៅខេត្តរបស់យើង។
ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត ក៏បាននាំយកអំណោយឧបត្ថម្ភមានដូចជា ទឹកក្រូច ២០០កេស ទឹកសុទ្ធ ១០០កេស និងថវិកា ២០លានរៀល ជូនស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីជាការលើកទឹកចិត្ត៕