ខេត្តបាត់ដំបង ៖ នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១១និង៣០នាទី អនុវត្តតាមមតិដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូនបានដឹកនាំកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុក បានធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនមុខសញ្ញាជាមេខ្យល់នាំមនុស្សឆ្លងដែនចូលទៅប្រទេសថៃដោយខុសច្បាប់ចំនួន ០១នាក់ឈ្មោះ ហង្ស គឹមឈួន ភេទប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។
ការឃាត់ខ្លួនមុខសញ្ញាជាមេខ្យល់ក្នុងពេលនេះគឺ បន្ទាប់ពីបានធ្វើការស្រាវជ្រាវស៊ើបអង្កេតករណីនាំពលរដ្ឋឆ្លងដែនចូលទៅក្នុងប្រទេសថៃដោយខុសច្បាប់មួយកើតឡើងកាលពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ វេលាម៉ោងប្រមាណ១៦និង៣០នាទី នៅចំណុចជាប់មាត់អូរព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ដែលមានពលរដ្ឋចំនួន០៨នាក់ស្រី ចំនួន ០១នាក់ (ក្នុងនោះមានក្មេងចំនួន ០២នាក់ប្រុស) ផងដែរ។
កាលនោះមុខសញ្ញាជាមេខ្យល់បានគេចខ្លួនភ្លាមៗបន្ទាប់ពីសមត្ថកិច្ចធ្វើការឃាត់ខ្លួនពលរដ្ឋចំនួន ០៨នាក់ នៅក្នុងមូលដ្ឋានខាងលើដើម្បីធ្វើការស្រាវជ្រាវ។ នៅពេលសាកសួររួច សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញដើម្បីចាត់ការបន្តតាមនីតិវិធី ៕