នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២១នេះ ក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីមានគណនីហ្វេសប៊ុកអនាមិកមួយ កាលពីពេលថ្មីៗកន្លងទៅនេះបានបង្ហោះខ្លឹមសារចោទប្រកាន់មកលើអង្គភាពចំណុះក្រសួងមហាផ្ទៃថាបានប្រព្រឹត្តអំពើប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរ ព្រមទាំងកិត្យានុភាពរបស់កងកម្លាំងនគរបាលជាតិ។
ផ្អែកតាមការស្រាវជ្រាវ អ្នកនាំពាក្យក្រសួងមហាផ្ទៃ សូមធ្វើការបំភ្លឺជូនសាធារណជន និងបណ្តាញសារព័ត៌មានឱ្យបានជ្រាបដូចតទៅ៖
១. គណនីហ្វេសប៊ុកឈ្មោះ San Bora គឺជាគណនីក្លែងក្លាយ (Fake Account) បង្កើតឡើងដើម្បីប្រើប្រាស់ក្នុងគោលបំណងបង្ហោះផ្សព្វផ្សាយខ្លឹមសារចោទប្រកាន់ និងវាយប្រហារមកលើអង្គភាពរបស់ក្រសួងមហាផ្ទៃតែប៉ុណ្ណោះ។ បន្ទាប់ពីបង្ហោះ និងផ្សព្វផ្សាយខ្លឹមសារវាយប្រហាររបស់ខ្លួនរួចមកម្ចាស់គណនីនេះបានបិទនិងឈប់ប្រើប្រាស់គណនីភ្លាមៗតែម្ដង។
២. អង្គភាពចំណុះក្រសួងមហាផ្ទៃ ដែលត្រូវបានគណនីយហ្វេសប៊ុកក្លែងក្លាយឈ្មោះ San Bora (Fake Account បង្ហោះ និងផ្សព្វផ្សាយខ្លឹមសារចោទប្រកាន់ថាបានជួបជុំផឹកស៊ីផ្ទុយនឹងវិធានការរបស់រាជរដ្ឋាភិបាល គឺជាអង្គភាពដែលទទួលបន្ទុកការពារឃ្លាំង និងដឹកជញ្ជូនសម្ភារបរិក្ខា ស្បៀងអាហារ និងបរិក្ខាសុខាភិបាលផ្គត់ផ្គង់ជូនទៅអង្គភាពនានានៅតាមបណ្ដារាជធានី-ខេត្ត និងជាកម្លាំងត្រៀមសម្រាប់ជួយបម្រើដល់សកម្មភាពប្រយុទ្ធប្រឆាំងនឹងជម្ងឺ កូវីដ-១៩ ផងដែរហើយកម្លាំងនគរបាលទាំងអស់នៃអង្គភាពនេះតម្រូវឱ្យផ្លាស់ប្ដូរវេនប្រចាំការ និងរង់ចាំបញ្ជា ២៤/២៤ម៉ោង ក្នុងមួយសប្តាហ៍នៅក្នុងអង្គភាពសម្រាប់ត្រៀមបំពេញបេសកម្មតាមការចាំបាច់។
ជាមួយគ្នានេះដែរអ្នកនាំពាក្យក្រសួងមហាផ្ទៃក៏បានស្នើដល់បណ្តាញសារព័ត៌មានបណ្តាញសង្គមនិងសាធារណជនទាំងអស់សូមកុំធ្វើការវិភាគនិងវិនិច្ឆ័យលើព័ត៌មានដែលពុំមានប្រភពច្បាស់លាស់គ្មានមូលដ្ឋានមានចរិតលក្ខណៈលំអៀង និងមាននិន្នាការវាយប្រហារមកលើស្ថាប័ន-អង្គភាពរបស់រាជរដ្ឋាភិបាល។ ការផ្សព្វផ្សាយ និងចែកផ្សាយព័ត៌មានដែលមានប្រភពមិនច្បាស់លាស់ព័ត៌មានមិនពិតគឺជាភាពអយុត្តិធម៌បំផុតចំពោះតួអង្គ ដែលជាកម្មវត្ថុត្រូវបានគេវាយប្រហារ និងអាចនាំឱ្យមានទោសទណ្ឌដល់ខ្លួនផងដែរ។