ប៉េកាំង៖ ក្រសួងពាណិជ្ជកម្មចិនបានប្រកាសថា ទំហំពាណិជ្ជកម្មលើវិស័យសេវាកម្មរបស់ប្រទេសចិនបានកើនឡើងដល់ជិត៣,២៧ទ្រីលានយ៉ន់មានអត្រាកំណើន ៩,៤ភាគរយ នៅក្នុងរយៈពេល៨ខែដំបូងក្នុងឆ្នាំ ២០២១នេះបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters។ ក្រសួងពាណិជ្ជកម្មចិនបញ្ជាក់ទៀតថា ការនាំចេញសេវាកម្មមានចំនួនសរុប ១,៥៥ទ្រីលានយ៉ន់ ពោលគឺកើនឡើង ២៥,៣% និងការនាំចូលមានចំនួនសរុប ១,៧២ទ្រីលានយ៉ន់ គឺបានធ្លាក់ចុះ ១,៨% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ប៉ុន្តែបើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩ទំហំពាណិជ្ជកម្មលើវិស័យសេវាកម្មរបស់ចិនបានធ្លាក់ចុះ ៨,៤%។ ការនាំចេញនិងនាំចូលនៃពាណិជ្ជកម្មក្នុងវិស័យសេវាកម្មរបស់ចិននៅក្នុងខែសីហាបានកើនដល់ ៤៦២,៤៧ពាន់លានយ៉ន់ ពោលគឺកើនឡើង ២៤,៨% បើធៀបទៅនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២០ និងកើនឡើង ៧,១% បើធៀបទៅនឹងខែកក្កដា។
ការនាំចេញនិងនាំចូលនៃសេវាកម្មដែលពឹងផ្អែកលើចំណេះដឹងនៅក្នុងរយៈពេល៨ខែដំបូងឆ្នាំនេះបានកើនឡើងដល់ ១,៤៧ទ្រីលានយ៉ន់ ពោលគឺកើនឡើង ១២% បើធៀបទៅនឹងឆ្នាំមុន។ ទោះជាយ៉ាងណាក៏ដោយការនាំចូលនិងនាំចេញនៃសេវាកម្មធ្វើដំណើរបានបន្តធ្លាក់ចុះដដែលដោយសារផលប៉ះពាល់នៃវិបត្តិកូវីដ-១៩។ ចាប់ពីខែមករាដល់ខែសីហាសេវាកម្មនេះរបស់ចិនមានចំនួនសរុបជាង ៥០៦ពាន់លានយ័នពោលគឺធ្លាក់ចុះ ៣០,១%៕