បាងកក៖ អ្នកជំនាញអចលនទ្រព្យថៃបាននិយាយថា ទីផ្សារលំនៅឋានរបស់ទីក្រុងបាងកកនឹងមានភាពប្រសើរឡើងនៅឆ្នាំក្រោយដោយសារការផ្គត់ផ្គង់និងតម្រូវការនឹងមានតុល្យភាពជាងមុនខណៈដែលអ្នកទិញបរទេសជាពិសេសជនជាតិចិន នៅតែចាប់អារម្មណ៍លើអចលនទ្រព្យថៃ។ នេះបើតាមការចេញផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។ លោកស្រី Suphin Mechuchep ប្រធានក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ JLL ថៃ បាននិយាយថា អ្នកដែលធ្វើការនៅការិយាល័យរយៈពេលបីថ្ងៃ និងនៅផ្ទះពីរថ្ងៃអាចបង្កើតតម្រូវការលំនៅឋានថ្មីកាន់តែច្រើន។
លោកស្រីបញ្ជាក់ថា ទីក្រុងបាងកកនៅតែជាជម្រើសដ៏ទាក់ទាញសម្រាប់ជនបរទេសដែលភាគច្រើនបណ្តាលមកពីការចំណាយការរស់នៅមានតម្លៃទាប។ ហើយថាតម្រូវការពីជនបរទេសនឹងខ្ពស់ជាងនេះនៅពេលព្រំដែនត្រូវបានបើកពេញលេញ។
លោកស្រីបាននិយាយទៀតថា ប៉ុន្មានឆ្នាំកន្លងមកនេះអ្នកទិញបរទេសធំៗនៅក្នុងប្រទេសថៃគឺជនជាតិចិននិងសិង្ហបុរី។ ហើយពួកគេទាំងអស់គ្នាស្រឡាញ់វប្បធម៌និងការរស់នៅក្នុងប្រទេសថៃខណៈដែលតម្លៃនៃការរស់នៅក៏ទាបជាងប្រទេសជាច្រើនផងដែរ។ តម្លៃលំនៅឋានប្រភេទខុនដូដែលមានការចាប់អារម្មណ៍ច្រើនគឺទាបជាង៥លានបាតក្នុងមួយយូនីត ដែលស្មើនឹង៥៤%បន្ទាប់មកតម្លៃចន្លោះពី ៥-១០លានបាត ស្មើនឹង ១៦%។
យោងតាមមជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យថៃបានឲ្យដឹងថាជនជាតិចិនបានឈរនៅលំដាប់កំពូងលក្នុងតារាង ក្នុងចំណោមជនបរទេសទិញខុនដូនៅទីក្រុងបាងកកប្រទេសថៃក្នុងឆមាសទី១ ឆ្នាំ២០២១នេះ ពោលគឺមានចំនួន ២៧៤៨យូនីត មានតម្លៃសរុប ១២,៦ពាន់លានបាត បន្ទាប់មកជនជាតិរុស្ស៊ីមានចំនួន ១៤៥យូនីត មានតម្លៃសរុប ៤១០លានបាត, ជនជាតិអង់គ្លេសស្ថិតនៅលេខរៀងទី៣ មានចំនួន ១៣០យូនីត មានតម្លៃសរុប ៤៧០លានបាត ខណៈជនជាតិបារាំងស្ថិតនៅលំដាប់ថ្នាក់ទី ៤ មានចំនួន ១១៩យូនីត មានតម្លៃសរុប ៤៤០លានបាត និងជនជាតិអាល្លឺម៉ង់ ស្ថិតនៅលេខរៀងទី ៥ មានចំនួន ១១៥យូនីត មានតម្លៃសរុប ៤៤០លានបាត។
យោងតាមការអង្កេតរបស់ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យថៃ REIC ព្យាករណ៍ថា យ៉ាងហោចណាស់ចំនួន ៨០.០០០យូនីត នៃការផ្គត់ផ្គង់លំនៅឋានថ្មីនឹងត្រូវដាក់ឲ្យដំណើរការនៅទីក្រុងបាងកកនៅឆ្នាំក្រោយពោលគឺកើនឡើងពី ៥៣.៦៩៣យូនីត ដែលរំពឹងទុកនៅឆ្នាំនេះ។
ទោះជាយ៉ាងណា ការផ្គត់ផ្គង់លំនៅឋានថ្មីដែលបានចាប់ផ្តើមនៅទីក្រុងបាងកកក្នុងឆមាសទី១ឆ្នាំនេះបានធ្លាក់ចុះ៣៧%។ ការធ្លាក់ចុះធំបំផុតដោយសារការលក់ខុនដូមានការធ្លាក់ចុះ ៤២,៥% ដោយសារអ្នកអភិវឌ្ឍន៍បានបង្កកគម្រោងខុនដូថ្មីនិងផ្លាស់ប្តូរទៅជាផ្ទះទាបៗឬផ្ទាល់ដីវិញ៕