នាថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១នេះ រាជរដ្ឋាភិបាលបានចេញសារាចរណែនាំ ស្តីពីការពង្រឹងវិធានការគ្រប់គ្រង ការឆ្លងរាលដាល នៃ ជំងឺកូវីដ-១៩ សម្រាប់អំឡុងពេល និងក្រោយពេលឈប់សម្រាក ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ ការឆ្លងរាលដាល នៃ ជំងឺកូវីដ-១៩ ។
តាមសារាចរបានលើកឡើងថា «ក្នុងអំឡុងពេលឈប់សម្រាកខាងមុខនេះ ប្រជាពលរដ្ឋជាច្រើនអាចនឹងធ្វើដំណើរចល័តពីកន្លែងមួយទៅកន្លែងមួយ ដើម្បីទៅជួបជុំក្រុមគ្រួសារ និងធ្វើដំណើរកំសាន្តនៅតាមរមណីយដ្ឋាននានា នៅទូទាំងប្រទេស ដែលនឹងអាចធ្វើឱ្យព្រះរាជាណាចក្រកម្ពុជាប្រឈមនឹងហានិភ័យនៃការឆ្លងរាលដាលទ្រង់ទ្រាយធំនៃជំងឺកូវីដ-១៩ ជាពិសេសមេរោគប្រភេទដែលតា (Delta) ដែលកំពុងបន្តឆ្លងរាលដាលក្នុងសហគមន៍យ៉ាងឆាប់រហ័ស»។
សារាចរបានបញ្ជាក់ថាក្នុងអំឡុងពេលឈប់សម្រាកនៃពិធីបុណ្យភ្ជុំបិណ្ឌ ៣ ថ្ងៃ ចាប់ពីថ្ងៃទី៥ ដល់ទី៧ ខែតុលា ឆ្នាំ២០២១ ខាងមុខនេះ ក្រសួង-ស្ថាប័នមានសមត្ថកិច្ច ព្រមទាំងគណៈអភិបាលរាជធានី-ខេត្ត និងយន្តការដែលមានការពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ខ្ពស់ត្រួតពិនិត្យឱ្យបានម៉ឺងម៉ាត់ និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការពង្រឹងការអនុវត្តវិធានការសុខាភិបាល ជាពិសេស វិធានការ “៣កុំ ៣ការពារ” ព្រមទាំងវិធានការរដ្ឋបាលនិងវិធានការច្បាប់ដែលចាំបាច់នានា សំដៅពង្រឹងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសក្នុងអំឡុងពេលធ្វើដំណើរដោយប្រើប្រាស់មធ្យោបាយធ្វើដំណើររួម និងក្នុងអំឡុងពេលនៃការជួបជុំ ឬការប្រមូលផ្តុំមនុស្ស ដែលអាចបង្កហានិភ័យខ្ពស់នៃការចម្លងមេរោគកូវីដ-១៩ ។
ដើម្បីទប់ស្កាត់ និងបង្ការការឆ្លងរាលដាលទ្រង់ទ្រាយធំនៃជំងឺកូវីដ-១៩ ពិសេស ដើម្បីការពារអាយុជីវិត និង សុខភាពប្រជាពលរដ្ឋ ស្របពេលដែលព្រះរាជាណាចក្រកម្ពុជា កំពុងបោះជំហានឆ្ពោះទៅកាន់ការបើកដំណើរការ ប្រទេសពេញលេញឡើងវិញលើគ្រប់វិស័យនាពេលខាងមុខ, រាជរដ្ឋាភិបាល សូមធ្វើការណែនាំ ដូចសេចក្តីប្រកាសខាងក្រោម៖