ខេត្ត ព្រះសីហនុ ៖ ដោយមានការដឹកនាំបញ្ជាពីសំណាក់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត ព្រះសីហនុ ថ្ងៃសុក្រ ១០រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី ០១ ខែតុលា ឆ្នាំ ២០២១ កម្លាំងនគរបាលជំនាញ ប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្ត ព្រះសីហនុ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានធ្វើប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀនក្នុងនោះមានជនសង្ស័យចំនួន ២នាក់ ត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់នៅចំណុច ភូមិ ដូង ស្ថិតនៅក្រុម ២១ ភូមិ ០១ សង្កាត់លេខ ០៤ ក្រុង-ខេត្ត ព្រះសីហនុ ។
ជនសង្ស័យដែលកម្លាំងនគរបាលជំនាញឃាត់ខ្លួនមានឈ្មោះ អ៊ឹម ធារ៉ា ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិ ខ្មែរ មុខរបរមិនពិតប្រាកដ និងឈ្មោះ ជីវ គឹមហ្វី ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរមិនពិតប្រាកដ ។
សម្ភារៈ វត្ថុតាងដកហូតបានរួមមាន ៖ ម្សៅក្រាមពណ៌សថ្លា សង្ស័យថាសារធាតុញៀន ៣៨កញ្ចប់ និងទូរស័ព្ទដៃចំនួន ០២គ្រឿង ។
បច្ចុប្បន្ន ជនសង្ស័យមានអត្ដសញ្ញាណខាងលើកម្លាំងជំនាញបាននាំមកកាន់អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ កំពុងសាកសួរនិងចាត់ការតាមនីតិវិធី ៕