កំពង់ស្ពឺ៖ នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១៣និង៥០នាទី ចំណុចភូមិត្រពាំងសារ ឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានករណីអគ្គិភ័យបានឆេះផ្ទះប្រជាពលរដ្ឋចំនួន ០២ខ្នង។
ផ្ទះទី១ ម្ចាស់ឈ្មោះ យ៉ាន់ ចាន់ថា ភេទស្រី អាយុ២៨ឆ្នាំ ផ្ទះខ្ពស់ទំហំ៧គុណ៩ម៉ែត្រ ធ្វើពីឈើ ដំបូលប្រក់ក្បឿង ជញ្ជាំងបាំងក្តា ឆេះអស់ទាំងស្រុង ខូចខាតទ្រព្យសម្បត្តិដូចជា កង្ហា១គ្រឿង គ្រែ២ ពូក២ កុំព្យូទ័រ១គ្រឿង និងទូរកញ្ចក់១។ បន្ទាប់មកបានឆាបទៅឆេះរាល់ដល់ផ្ទះទី២ ម្ចាស់មានឈ្មោះ ញៀន ប្រុស អាយុ៥១ឆ្នាំ ប្រពន្ធឈ្មោះ នុត សុខន អាយុ៤៨ឆ្នាំ ផ្ទះខ្ពស់ទំហំ៦គុណ៨ ម៉ែត្រ ធ្វើពីឈើ ដំបូលប្រក់ក្បឿង ជញ្ជាំងបាំងក្តា រៀបបេតុងខាងក្រោម ឆេះអស់ទាំងស្រុង និងខូចខាតទ្រព្យសម្បត្តិរួមមាន កង្ហា៥គ្រឿង គ្រែដេក២ ពូក៣ ទូរខោអាវ១ អង្ករ៥០គីឡូ ស្រូវ៥០០គីឡូ មាសទម្ងន់ ៥ជី និងលុយចំនួន២,៥០០$។
សមត្ថកិច្ចបានអោយដឹងថា មូលហេតុបណ្តាលមកពីឆ្លងចរន្តអគ្គិសនីក្នុងផ្ទះទី១។ ករណីខាងលើមិនបណ្ដាលអោយគ្រោះថ្នាក់ដល់មនុស្សនិងសត្វឡើយ។ ករណីនេះប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យចំនួន៣គ្រឿង រថយន្ដស្រុកសំរោងទង១គ្រឿង និងរថយន្ដខេត្ត២គ្រឿង ៕