នៅថ្ងៃទី០១ ខែតុលា ឆ្នាំ ២០២១ វេលាម៉ោង ១៦និង៣០នាទី កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូនដែលមានលោកវរសេនីយ៍ទោ ទឹម វិឆ័យ ជាអធិការនគរបាលស្រុកបានសហការជាមួយកម្លាំងវរៈសេនាតូច នគរបាលការពារព្រំដែនគោក ៨១៧ មានលោកវរសេនីយ៍ឯក ប្រាក់ សាយ ជាមេបញ្ជាការរួមជាមួយកម្លាំងផ្នែកសឹករងស្រុកសំពៅលូន និងកម្លាំងវរៈសេនតូច ៥៣៣ ប្រចាំការតាមមាត់អូរព្រំដែន កម្ពុជា - ថៃ បានធ្វើការទប់ស្កាត់ប្រជាពលរដ្ឋបម្រុងឆ្លងដែនចូលទៅធ្វើការនៅក្នុងប្រទេសថៃខុសច្បាប់ នៅចំណុចមាត់អូរព្រំដែន កម្ពុជា - ថៃ ស្ថិតក្នុងភូមិសាស្ត្រ ភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។
ក្នុងប្រតិបត្តិការខាងលើកម្លាំងបានឃាត់ខ្លួនប្រជាពលរដ្ឋចំនួន ០៨នាក់ ស្រី ០១នាក់ ដែលពួកគាត់រស់នៅក្នុងមូលដ្ឋានស្រុកសំពៅលូន ចំនួន ០៦នាក់ និងនៅខេត្តបន្ទាយមានជ័យចំនួន ០២នាក់ ហើយតម្រូវឱ្យនាំមកកាន់អធិការដ្ឋាននគរបាលស្រុកដើម្បីធ្វើការសាកសួរស្រាវជ្រាវ។ ចំពោះលទ្ធផលនៃការស្រាវជ្រាវបានឱ្យដឹងថាពួកគាត់ទាំង ០៨នាក់ នេះត្រូវបានមេខ្យល់ទាក់ទងតាមទូរស័ព្ទនាំឆ្លងដែនចូលទៅកាន់ប្រទេសថៃ ដោយខុសច្បាប់ ដោយក្នុងនោះមេខ្យល់ទាមទារតម្លៃឈ្នួលក្នុងម្នាក់ៗតម្លៃ ៧,០០០បាត ប៉ុន្តែសកម្មភាពនេះត្រូវបានសមត្ថកិច្ចធ្វើការបង្ក្រាបទប់ស្កាត់បានទាន់ពេលវេលា។
ករណីដែលសមត្ថកិច្ចអនុវត្តនៅពេលនេះមិនមានមុខសញ្ញាជាមេខ្យល់ត្រូវបានឃាត់ខ្លួននោះទេ ដែលតាមការបញ្ជាក់ពីសមត្ថកិច្ចថាមនុស្សចំនួន ០២នាក់ ដែលសង្ស័យថាជាមេខ្យល់ត្រូវបានគេចខ្លួនបាត់ភ្លាមៗមុនពេលសមត្ថកិច្ចទៅដល់ចំណុចនោះ។ ទោះជាបែបនេះក្តីសមត្ថកិច្ចនគរបាលបានធ្វើការស្រាវជ្រាវចំពោះប្រជាពលករទាំង ០៨នាក់នេះស្វែងរកសាវតាជាតិរបស់មេខ្យល់ ដើម្បីអនុវត្តបន្តតាមផ្លូវច្បាប់នាពេលខាងមុខ៕