ព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយបញ្ជាក់ពីការរកឃើញ និងការព្យាបាលអ្នកជំងឺកូវីដ១៩នៅក្នុងកាស៊ីណូ «ដឹសេនជូរី» ដែលអាជ្ញាធរបានដាក់ទីតាំងនេះជាកន្លែងចត្តាឡីស័កកន្លែងព្យាបាល និងកន្លែងធ្វើចត្តាឡីស័កបន្តចំពោះអ្នកដែលបានជាសះស្បើយ។
ការចេញប្រកាសព័ត៌មានខាងលើនេះ ក្រោយពីមានបុគ្គលិកស្រីមួយចំនួន ដែលបម្រើការងារនៅក្នុងកាស៊ីណូមួយនេះ បានឡាយតាមបណ្តាញសង្គមហ្វេសបុក ដោយបង្ហាញពីការមិនយកចិត្តទុកដាក់របស់អាជ្ញាធរ និងក្រុមគ្រូពេទ្យ ទៅការព្យាបាលអ្នកជំងឺនៅទីនោះ។
ក្រោយទទួលបានព័ត៌មានខាងលើនេះ អាជ្ញាធរខេត្ត និងសមត្ថកិច្ច បានចុះទៅសួរនាំ ហើយអះអាងថា អ្នកជំងឺទាំងអស់ត្រូវបានព្យាបាលយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ។
គូសបញ្ជាក់ថា នារីម្នាក់ ជាបុគ្គលិកបម្រើការងារ នៅក្នុងកាស៊ីណូ ហ្គែមអនឡាញ មួយកន្លែង ដែលមានឈ្មោះ «ដឺសេនជូរី» ស្ថិតនៅអូរ២ សង្កាត់៤ ក្រុងព្រះសីហនុ បានថតវីដេអូផ្សាយផ្ទាល់ និងលើកឡើងថា មានមិត្តរួមការងារម្នាក់បានស្លាប់ ដោយសារជំងឺកូវីដ-១៩ កាលពីព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១នេះ និងមានបុគ្គលិក ៤៣៧នាក់ទៀត បានឆ្លងជំងឺកូវីដ-១៩ ទាំងអស់ ។
បើតាមតាមគណនីហ្វេសប៊ុក Vann Makara បានអោយដឹងទៀតថា ទោះបីឆ្លងជំងឺកូវីដ-១៩ ទាំងអស់គ្នា ប៉ុន្តែខាងម្ចាស់កាស៊ីណូ មិនបានអនុញ្ញាតឲ្យ ពួកគាត់(បុគ្គលិក) ទៅព្យាបាលនោះទេ ដោយនិយាយលួងលោម អោយពួកគាត់ធ្វើការ ហើយអោយប្រាក់ឈ្នួលច្រើនជាងមុន បើអ្នកមិនព្រមធ្វើ គឺត្រូវឃុំទុក ដោយអោយថ្នាំលេប ហើយគ្មានគ្រូពេទ្យប្រចាំការ ដើម្បីមើលថែ ពួកគាត់នោះទេ ។
បុគ្គលិកផ្សេងៗទៀត សំណូមពរដក់អាជ្ញាធរមានសមត្ថកិច្ច ជាពិសេសលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ មេត្តាជួយអន្តរាគមន៍ យកពួកគាត់ទៅព្យាបាល នៅមន្ទីរពេទ្យផង ។
ដោយឡែក នៅថ្ងៃទី៣០ កញ្ញានេះ នារីជាបុគ្គលិកម្នាក់ទៀត ដែលសុំមិនបញ្ចេញឈ្មោះ បានទូរសព្ទប្រាប់វិទ្យុក្នុងស្រុកមួយពីខាងក្នុងកាស៊ីណូ អោយដឹងថា ថៅកែកាស៊ីណូ បានបិទខ្ទប់បុគ្គលិក កម្មករ ដែលបម្រើការងារនៅខាងក្នុង ចំនួន៤៣៧នាក់ រយៈពេល១ឆ្នាំ៦ខែហើយ មិនឲ្យចេញមកក្រៅចាប់តាំងពីខែមីនា ឆ្នាំ២០២០មកម្ល៉េះ ដោយក្រុមហ៊ុនបន្ថែមប្រាក់ឧបត្ថម្ភឲ្យ ៣០ភាគរយ ។
នារីជាបុគ្គលិកដដែលនោះ បានអះអាងទៀតថា ថៅកែរបស់ពួកគេ បានដាក់វិធានការគ្រប់គ្រងបុគ្គលិកកម្មករយ៉ាងតឹងរឹង ដោយសារ ខ្លាចឆ្លងរាលដាលជំងឺកូវីដ-១៩ ដោយមិនអនុញ្ញាតឲ្យចេញក្រៅកាស៊ីណូទេ ។