ខេត្តកំពង់ចាម ៖ នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ដោយការឯកភាពពីលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាមបានចាត់បញ្ជាឲ្យកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្តរួមជាមួយកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកចំការលើ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកស្ទឹងត្រង់ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ជីវ សេងរស់ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀនបានបេីកកិច្ចប្រតិបត្តិការចុះបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនចំនួន ០១ករណី ឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣នាក់ ។
ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ ១-ឈ្មោះ ម៉ៅ ដានិត ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរមិនពិតប្រាកដ រស់នៅភូមិដីក្រហម ឃុំសូភាស ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។ ២-ឈ្មោះ ហ៊ីម ហាំតាន ភេទប្រុស អាយុ ៣១ឆ្នាំ ជាតិខ្មែរឥស្លាម មុខរបរមិនពិតប្រាកដ រស់នៅភូមិអូរបេង ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រងង់ ខេត្តកំពង់ចាម ។ ៣-ឈ្មោះ តក់ វណ្ណា ហៅស្វិត ភេទប្រុស អាយុ ៣២ឆ្នាំជាតិខ្មែរ មុខរបរជាងសំណង់ រស់នៅភូមិមាឃ២ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។ ជនសង្ស័យទាំង ០៣នាក់ខាងលើបានធ្វើតេស្តសំណាកកូវីដ-១៩ជាលទ្ធផល(អវិជ្ជមានទាំង០៣នាក់) ។
វត្ថុតាងដកហូតរួមមាន ៖ ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន ០៦កញ្ចប់ (ធំ០២កញ្ចប់) និងទូរស័ព្ទដៃចំនួន ០៤គ្រឿង ។
បច្ចុប្បន្នជនសង្ស័យ រួមជាមួយវត្ថុតាងត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី ៕