ថៃ៖ ប្រទេសថៃកំពុងដាក់គោលដៅទាក់ទាញអ្នកទេសចរឥណ្ឌាក្នុងរដូវពិធីបុណ្យប្រពៃណីធំៗដើម្បីសង្គ្រោះឧស្សាហកម្មទេសចរណ៍របស់ខ្លួនឡើងវិញក្រោយរងផលប៉ះពាល់យ៉ាងខ្លាំងពីការរាតត្បាតនៃជំងឺកូវីដ១៩ដោយការធ្លាក់ចុះយ៉ាងខ្លាំងនៃភ្ញៀវទេសចរមកពីបណ្តាប្រទេសផ្សេងៗក្នុងនោះរួមទាំងទេសចរចិនផងដែរ។ នេះបើតាមការចេញផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។
ជនជាតិឥណ្ឌាគឺជាប្រភពភ្ញៀវធំជាងគេទី៣នៅប្រទេសថៃមុនពេលមានជំងឺរាតត្បាតកូវីដ១៩ ក្នុងនោះគោលដៅទេសចរណ៍របស់ពួកគេភាគច្រើនទៅកម្សាន្តនៅតំបន់សមុទ្រការរៀបចំកម្មពិធីផ្សេងៗរួមទាំងពិធីមង្គលការជាដើម។
អនុប្រធានក្រុមប្រឹក្សាទេសចរណ៍ថៃលោកស្រី Somsong Sachaphimukh បាននិយាយថា ប្រជាជនឥណ្ឌានឹងបន្តដំណើរកម្សាន្តក្នុងចំនួនដ៏ច្រើននៅខែក្រោយអំឡុងពិធីបុណ្យ Diwali ដែលជាពិធីបុណ្យបែបសាសនាហិណ្ឌូហើយកន្លងមកប្រទេសថៃគឺជាគោលដៅដ៏ទាក់ទាញសម្រាប់ទេសចរណ៍ឥណ្ឌានៅក្នុងឳកាសបុណ្យប្រពៃណីដ៏ធំមួយនេះ។
លោកស្រីរំពឹងថាទេសចរឥណ្ឌានឹងជួយជំរុញឱ្យវិស័យទេសចរណ៍របស់ថៃងើបឡើងវិញ ស្របពេលមានការលើកលែងការដាក់ឲ្យធ្វើចត្តាឡីស័កសម្រាប់អ្នកទេសចរដែលទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ពេញលេញចាប់ពីថ្ងៃទី ១ ខែវិច្ឆិកា។
ជាមួយគ្នានេះលោកស្រីមិនរំពឹងថាការធ្វើដំណើរចេញក្រៅប្រទេសរបស់ជនជាតិចិននឹងចាប់ផ្តើមងើបឡើងវិញក្នុងរយៈពេលឆាប់ៗនេះទេដូច្នេះប្រទេសថៃគួរផ្តោតលើការទាក់ទាញអ្នកដំណើរមកពីប្រភពផ្សេងទៀតដើម្បីទាញយកប្រយោជន៍ពីគោលការបន្ធូរបន្ថយសម្រាប់ភ្ញៀវទេសចរណ៍របស់ខ្លួន។
អ្នកទេសចរណ៍ឥណ្ឌាអាចចំណាយប្រាក់ចន្លោះពី ២៧.០០០បាតទៅ ៧៦.០០០បាត ក្នុងកំឡុងពេលធ្វើដំណើរទៅប្រទេសថៃហើយពិធីមង្គលការគោលដៅនីមួយៗអាចបង្កើតប្រាក់ចំណូលពី ១០លានទៅ ១២០លានបាត សម្រាប់ឧស្សាហកម្មសណ្ឋាគារនិងសេវាកម្ម។
យោងតាមទិន្នន័យផ្លូវការបានឱ្យដឹងថា ជនជាតិឥណ្ឌាជិត២លាននាក់បានមកទស្សនាប្រទេសថៃក្នុងឆ្នាំ ២០១៩ ដែលបង្កើតចំណូល ៨០ពាន់លានបាតទាក់ទងនឹងវិស័យទេសចរណ៍។ ពួកគេគឺជាប្រភពធំបំផុតនៅពីក្រោយជនជាតិចិននិងម៉ាឡេស៊ីនៅឆ្នាំនោះនៅពេលដែលប្រទេសនេះបានទទួលភ្ញៀវទេសចរជិត ៤០លាននាក់។
ប្រទេសថៃបានទទួលភ្ញៀវទេសចរបរទេសធ្លាក់ចុះដល់ ៧៣.៩៣២នាក់ក្នុងរយៈពេល ៨ ខែដំបូងឆ្នាំនេះដោយសារប្រទេសនេះកំពុងធ្លាក់ចូលការឆ្លងជំងឺកូវីដ១៩ដ៏អាក្រក់ដែលបង្កឱ្យមានការប៉ះពាល់ដល់ការធ្វើដំណើរនិងអាជីវកម្ម៕