(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជានិងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១នេះ បានចាត់លោក ឌួង អេលីត នាយកពិធីការសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នាំយកទេយ្យវត្ថុប្រគេនថ្វាយ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយគង់នៅវត្តបទុមវតីរាជវរារាម (ធម្មយុត្តិកនិកាយ)។
ទេយ្យវត្ថុរួមមាន៖ អង្ករ ១០០គីឡូក្រាម, មីជាតិ ១០កេស, ត្រីខ ២កេស, ទឹក្រូច ១០កេស, ទឹកត្រឡាច ៥កេស, ទឹកគូលេន ៥កេស, ទឹកសណ្តែក ៥កេស, មៀនកំប៉ុង ២កេស, ទឹកដោះគោខាប់ ១កេស, អូវ៉ាន់ទីន ២កេស, ស្ករស ១០គីឡូក្រាម, តែ ៥គីឡូក្រាម, ទឹកបរិសុទ្ធ ៥កេស, និងបច្ច័យ ១០,០០០,០០០រៀល។
ក្នុងឱកាសនោះ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី បានមានសង្ឃដីកាថ្លែងអំណរគុណនិងកោតសរសើរចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបន្ដយកចិត្ដទុកដាក់គ្រប់ពេលវេលាមិនថានៅពេលវេលាណានោះទេតែងតែរមែងខ្វាយខ្វល់ពីសុខទុក្ខផលពិបាកនានានិងជួយដោះស្រាយសម្រាលការខ្វះខាតដល់ពលរដ្ឋគ្រប់គ្នា។ ជាក់ស្ដែងព្រះសង្ឃនៅតាមវត្ដអារ៉ាមក្នុងអំឡុងមានជំងឺកូវីដ១៩ ដ៏កាចសាហាវដែលកំពុងតែឆក់យកជីវិតមនុស្សនិងធ្វើឱ្យមានវិបត្ដិសេដ្ឋកិច្ចនៅលើសកលលោក។ លើសពីនោះការគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋនិងតែងតែលើកទឹកចិត្តចូលរួមចំណែកលើកស្ទួយ វិស័យព្រះពុទ្ធសាសនាឱ្យមានការរីកចម្រើន។
ទន្ទឹមនឹងនោះសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី បានជូនពរសព្ទសាធុការដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនិងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងក្រុមគ្រួសារសូមជួបប្រទះតែនឹងព្រះពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ លើសពីនោះសូមឧទ្ទិសមហាកុសលផលបុណ្យជូនចំពោះវិញ្ញាណក្ខន្ធលោកមហាឧបាសក លីន គ្រី និងអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលជាបិតា មាតាបង្កើតរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី, វិញ្ញាណក្ខន្ធអ្នកឧកញ៉ាមហាភក្តីសប្បុរិសភោគាធិបតី ហ៊ុន នាង និងលោកយាយមហាឧបាសិកា ឌី ប៉ុក ដែលជាបិតា មាតាបង្កើតរបស់សម្តេចតេជោ ហ៊ុនសែន ព្រមទាំងកូនប្រុស ហ៊ុន កំសត់ របស់សម្ដេចតេជោ និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត និងឧទ្ទិសកុសលជូនចំពោះដួងវិញ្ញាណក្ខន្ធ ជីដូន ជីតា រួមទាំងញាតិការទាំងប្រាំពីរសណ្ដាន ដែលបានចែកឋាន ទៅកាន់បរលោក៕