ភ្នំពេញ៖ គិតត្រឹមខែសីហាឆ្នាំ២០២១នេះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តចុះបញ្ជីគម្រោងវិនិយោគក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មចំនួន ៣៧៦គម្រោងក្នុងទុនវិនិយោគសរុបប្រមាណ៩,៧ពាន់លានដុល្លារ។
កម្ពុជាទើបតែបានដាក់ឲ្យអនុវត្តច្បាប់ថ្មីស្តីពីការវិនិយោគនឹងផ្តល់ការលើកទឹកចិត្តឆ្លាតវៃដល់ការវិនិយោគតាមវិស័យខណៈដែលការវិនិយោគក្នុងវិស័យកសិកម្មនិងកសិ-ចំណីអាហារត្រូវបានកំណត់វិស័យអាទិភាពដែលត្រូវជំរុញនិងលើកកម្ពស់ផលិតភាពបន្ថែមទៀត ដើម្បីធានាថាវិស័យទាំងនេះនឹងមានភាពធន់និងចីរភាពក្នុងការរួមចំណែកដល់ការរក្សាលំនឹងសេដ្ឋកិច្ចឆ្លើយតបទៅនឹងវិបត្តិជំងឺកូវីដ១៩។
កាលពីថ្ងៃទី ២៩ខែកញ្ញានេះក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាសហការជាមួយក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនិងក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលីបានរៀបចំពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់ស្តីពីការរៀបចំហិរញ្ញប្បទានសម្រាប់គាំទ្រការប្រតិបត្តិរបស់វិនិយោគិនកសិ-ចំណីអាហារនៅកម្ពុជា។
អនុស្សារណៈយោគយល់គ្នានេះនឹងក្លាយជានឹងក្លាយជាឧបករណ៍ដ៏មានសារៈសំខាន់ក្នុងការរួមចំណែកដល់ការជំរុញនិយោគនិងលើកកម្ពស់ការអភិវឌ្ឍក្នុងវិស័យកសិ-ចំណីអាហារព្រមទាំងធ្វើឲ្យប្រសើរឡើងនូវភាពប្រកួតប្រជែងនៅក្នុងវិស័យកសិកម្ម។
ការប្រតិបត្តិរបស់តុវិនិយោគកសិ-ចំណីអាហារនៅនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានឹងជួយពង្រឹងមូលដ្ឋានកាន់តែរឹងមាំនៃវិស័យកសិ-ចំណីអាហារឲ្យកាន់តែមានភាពធន់នៅកម្ពុជាតាមរយៈការធ្វើពិពិធកម្មធនធាននិងទម្រង់នៃការវិនិយោគដែលប្រើប្រាស់បច្ចេកវិទ្យា និងនវានុវត្តន៍នៅក្នុងវិស័យនេះខណៈបង្កើតការងារដែលមានតម្លៃបន្ថែមកាន់តែខ្ពស់ដល់ប្រជាជនកម្ពុជាក្នុងវិស័យកសិ-ចំណីអាហារ៕