ពោធិ៍សាត់៖ក្មេងទំនើងម្នាក់ក្នុងចំណោមក្មេងទំនើងពីរក្រុមត្រូវបានសមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ឃាត់ខ្លួនក្រោយធ្វើសកម្មភាពដេញកាប់គ្នាបង្កចលាចលខូចសណ្តាប់ធ្នាប់សង្គមហេតុការណ៍នេះកើតឡើងនៅចំណុចក្បែរបន្ទាយទាហានស្ថិតនៅភូមិបាក់រទេះសង្កាត់ព្រៃញីក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់កាលពីវេលាម៉ោង២១និង២១នាទីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១។
លោកវរសេនីយ៍ទោ សុខ មេសា អធិការរង នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ បានប្រាប់ឲ្យដឹងថា ដោយអនុវត្តជាប្រចាំ នូវប្រសាសន៍និងការក្រើនរំលឹករបស់លោកឧត្តមសេនីយ៍ទោសថេង ស្នងការនគរបាលខេត្ត កម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដឹកនាំដោយ លោកវរសេនីយ៍ទោប៊ី សុខុម អធិការរង បានចេញល្បាតលើភូមិសាស្រ្តក្នុងក្រុងលុះមកដល់ចំណុចខាងលើបានប្រទះឃើញក្មេងទំនើងពីរក្រុមប្រដាប់ដោយកាំបិត និងដំបងដេញកាប់គ្នាបង្កអសន្តិសុខក្នុងមូលដ្ឋានកម្លាំងអន្តរាគមន៍ក្រុងបានបង្ក្រាបឃាត់បានក្មេងទំនើងចំនួន០១នាក់ ឈ្មោះឈីម សំណាង ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរនៅផ្ទះ រស់នៅភូមិសាមគ្គី ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ ចំណែកបក្ខពួកបានរត់គេចខ្លួន។ លោកវរសេនីយ៍ទោ សុខ មេសា បានបន្តថា ក្នុងប្រតិបត្តិការបង្ក្រាបក្មេងទំនើងនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន ម៉ូតូម៉ាកហុងដា Dream ចំនួន០១គ្រឿង កាំបិតផ្គាក់ចំនួន ០១ដើម បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីកសាងសំណុំរឿង និងចាត់ការតាមនីតិវិធី ៕