ភ្នំពេញ៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្យាករសេដ្ឋកិច្ចប្រទេសកម្ពុជានៅឆ្នាំ ២០២១នេះ នឹងមានកំណើនខ្ពស់ជាងមុនក្នុងអត្រា ២,២ភាគរយ ដែលគាំទ្រដោយនិន្នាការល្អជាងការរំពឹងទុកនៃវិស័យកម្មន្តសាលនិងវិស័យកសិកម្មដែលជំរុញដោយភាពរឹងមាំនៃតម្រូវការខាងក្រៅខណៈវិស័យសំណង់វិស័យអចលនទ្រព្យនិងវិស័យសណ្ឋាគារនិងភោជនីយដ្ឋានរងផលប៉ះទង្គិចដោយសារ «ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ»។
នេះយោងតាមលទ្ធផលកិច្ចប្រជុំបូកសរុបការងាររបស់ក្រុមបេសកកម្ម Article IV នៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លើការវាយតម្លៃលើស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជាជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជាដែលដឹកនាំដោយលោកអគ្គបណ្ឌិតសភាចារ្យអូនព័ន្ធមុនីរ័ត្នឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុតាមប្រព័ន្ធវីដេអូកាលពីថ្ងៃទី ២៧ខែកញ្ញា ឆ្នាំ ២០២១។
IMF បានព្យាករទៀតថាក្នុងឆ្នាំ ២០២២ សេដ្ឋកិច្ចកម្ពុជានឹងបន្តងើបឡើងក្នុងរង្វង់ប្រមាណ ៥% ដោយសារការរំពឹងទុកការបន្តងើបឡើងនៃតម្រូវការសកល,ការបន្តសក្តានុពលកំណើននៃវិស័យកាត់ដេរនិងវិស័យកម្មន្តសាលមិនមែនកាត់ដេរនិងការកើនឡើងសន្សឹមៗនៃវិស័យគាំទ្រផ្សេងទៀតព្រមទាំងប្រសិទ្ធភាពនៃការដាក់ចេញវិធានការគោលនយោបាយរបស់រាជរដ្ឋាភិបាលជាពិសេស «ផែនការស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិជំងឺកូវីដ-១៩»។
ជាមួយគ្នានេះក្រុមការងារបេសកកម្ម Article IV របស់មូលនិធិរូបិយវត្ថុអន្តរជាតិដែលដឹកនាំដោយលោក Alasdair Scot ប្រធានបេសកកម្មក៏បានសំដែងនូវការកោតសរសើរខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយបញ្ហាប្រឈមទាំងក្នុងទិដ្ឋភាពសង្គមនិងសេដ្ឋកិច្ចទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ យ៉ាងសកម្មជាពិសេសវឌ្ឍនភាពប្រកបដោយផ្លែផ្កានៃយុទ្ធនាការចាក់វ៉ាក់សាំងរបស់កម្ពុជា។
ក្រៅពីនេះ IMF ក៏បានកត់សម្គាល់នូវបច្ច័យវិជ្ជមានមួយចំនួនដែលជាឱកាសសម្រាប់កម្ពុជាផងដែរដូចជាការរីកចម្រើនផ្នែកឌីជីថល និងហេដ្ឋារចនាសម្ព័ន្ធបៃតងជាដើម។
យោងតាមទស្សនវិស័យសេដ្ឋកិច្ចសកលដែលបានចេញផ្សាយនាខែកក្កដាដោយមូលនិធិរូបិវត្ថុអន្តរជាតិកំណើនសេដ្ឋកិច្ចសកលស្ថិតក្នុងរង្វង់ ៦,០% ក្នុងឆ្នាំ ២០២១ និង ៤,៩% ក្នុងឆ្នាំ ២០២២ ហើយការងើបឡើងវិញនៃសេដ្ឋកិច្ចនៃបណ្ដាប្រទេសអភិវឌ្ឍន៍និងប្រទេសកំពុងអភិវឌ្ឍនឹងមានល្បឿនខុសគ្នា៕