ខេត្តកណ្តាល៖ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលមានកិត្តិយសសូមបំភ្លឺឆ្លើយតបបណ្តាញសារព័ត៌មានថាក្រោយពីទទួលបានព័ត៌មានខាងលើលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលបានចាត់ឲ្យការិយាល័យបុគ្គលិកចុះស្រាវជ្រាវករណីខាងលើ។
បន្ទាប់ពីការិយាល័យបុគ្គលិកនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលចុះស្រាវជ្រាវនិងសួរនាំបានឲ្យដឹងថាលោកវរសេនីយ៍ត្រី ហួត សីហា នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងធំនៃអធិការដ្ឋាននគរបាលស្រុកកៀនស្វាយបានអនុវត្តខុសនីតិវិធី។
បច្ចុប្បន្ន លោកវរសេនីយ៍ត្រី ហួត សីហា កំពុងអនុវត្តវិន័យនិងសួរនាំបន្ថែមនៅការិយាល័យបុគ្គលិករង់ចាំការសម្រេចពីគណៈស្នងការនិងធ្វើរបាយការណ៍សុំគោលការណ៍បន្ថែមទៅថ្នាក់ជាតិដើម្បីពិនិត្យសម្រេចដ៏ខ្ពង់ខ្ពស់។
យោងតាមប្រភពព័ត៌មានបានដឹងថាលោក ហួត សីហា មេប៉ុស្តិ៍សំរោងធំបានចាប់ករណីគ្រឿងញៀនទៅលើយុវជន៣នាក់ នៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ កន្លងមកនេះនៅចំណុចភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ដោយជំរិតទារប្រាក់ពីយុវជនទាំងបីនាក់នោះនួន 3500$ ជាថ្នូរនឹងការដោះលែង។