ភ្នំពេញ៖ កម្ពុជាបានទម្លាក់ការព្យាករណ៍កំណើនតម្រូវការថាមពលអគ្គិសនីរបស់ខ្លួនពីចំនួន ១០ពាន់មេហ្គាវ៉ាត់មកនៅប្រមាណ៧-៨ពាន់មេហ្គាវ៉ាត់នៅឆ្នាំ ២០៣០ដោយសារការប្រើប្រាស់ថាមពលមានការធ្លាក់ចុះដែលបណ្តាលមកពីការរាតត្បាតជាសកលនៃជំងឺកូវីដ១៩។តម្រូវការថាមពលអគ្គិសនីរបស់កម្ពុជា នៅមុនពេលការផ្ទុះជំងឺកូវីដ១៩មានកំណើនជាមធ្យម២០ភាគរយក្នុងមួយឆ្នាំទៅតាមសន្ទស្សកំណើនសេដ្ឋកិច្ចក៏ប៉ុន្តែតម្រូវការបានធ្លាក់ចុះមកវិញនៅក្នុងអំ ឡុងពេលវិបត្តិជំងឺកូវីដ១៩ខណៈដែលសណ្ឋាគារផ្ទះសំណាក់ក្លឹបកម្សាន្តនិងអាជីវកម្មជាច្រើនត្រូវបិទទ្វារផ្អាកសកម្មភាព។
លោកវិចទ័រហ្សូនាអគ្គនាយកថាមពលនៃក្រសួងរ៉ែនិងថាមពលបានអះអាងថាការរាតត្បាតនៃជំងឺកូវីដ១៩បានធ្វើឲ្យការព្យាករណ៍ថ្មីរយៈពេលមធ្យមអំពីកំណើនតម្រូវការប្រើប្រាស់ថាមពលអគ្គិសនីកម្ពុជាត្រូវរំកិលពី១០ពាន់មេហ្គាវ៉ាត់មកនៅរង្វង់៧-៨ពាន់មេហ្គាវ៉ាត់នៅឆ្នាំ២០៣០។
លោកបញ្ជាក់ថាការធ្លាក់ចុះនៃតម្រូវការថាមពលអគ្គិសនីនេះបានធ្វើឲ្យគម្រោងផលិតអគ្គិសនីដើរដោយថាមពលពីឧស្ម័នធម្មជាតិ(Natural Gas) ភ្ជាប់ទៅបណ្តាញបញ្ជូនជាតិអាចពន្យាពេលពីឆ្នាំ២០២៧-២០២៨ទៅឆ្នាំ២០២៩-២០៣០វិញ។លោកបន្តថាគិតត្រឹមចុងឆ្នាំ ២០២០ការផលិតថាមពលក្នុងស្រុកពីប្រភពផ្សេងៗមានចំនួនសរុប២៧១៣មេហ្គាវ៉ាត់ក្នុងនោះថាមពលពីប្រេងខ្មៅមាន២០រោងចក្រចំនួន២៣៦មេហ្គាវ៉ាត់,ថាមពលពីជីវម៉ាស់ចំនួន១១១មេហ្គាវ៉ាត់,ពន្លឺព្រះអាទិត្យ ១០កន្លែងមានចំនួន៣៥០មេហ្គាវ៉ាត់, ធ្យូងថ្មី៣កន្លែងចំនួន៦៧៥មេហ្គាវ៉ាត់និងវារីគ្គិសនី៩កន្លែងចំនួន១៣២៩មេហ្គាវ៉ាត់។
ក្រៅពីនេះកម្ពុជាក៏បាននាំចូលថាមពលអគ្គិសនីពីប្រទេសជិតខាងរួមមានប្រទេសថៃវៀតណាម និងឡាវសរុបចំនួន១០២១មេហ្គាវ៉ាត់ផងដែរកាលពីឆ្នាំ ២០២០កន្លងទៅនេះ។បើតាមលោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានលើកឡើងនាពេលកន្លងមកថា តាមផែនការមេនៃការផលិតថាមពលអគ្គិសនីរបស់កម្ពុជា សម្រាប់ឆ្នាំ២០២០ ដល់ឆ្នាំ២០៣០ គ្រោងប្រើឧស្ម័នធម្មជាតិ (Natural Gas) សម្រាប់ការផលិតថាមពលអគ្គិសនីក្នុងចំណែកមួយដ៏ធំដែលមានអនុភាពសរុប ៣.៦០០មេហ្គាវ៉ាត ចាប់ផ្តើមពីឆ្នាំ ២០២៧៕