នៅថ្ងៃទី០៥ ទី០៦ និងទី០៧ ខែតុលាខាងមុខនេះគឺជាឳកាសឈប់សំរាកសម្រាប់ពិធីបុណ្យ ភ្ជំបិណ្ឌរបស់មន្រ្តីរាជការកម្មករកម្មការិនីនិយោជិតនៅតាមរោងចក្រ សហគ្រាសទាំងអស់ហើយដោយសារាជរដ្ឋាភិបាលបានផ្អាកមិនឲ្យមានការជួបជុំនៅក្នុងឳកាសបុណ្យភ្ជុំបិណ្ឌនៅតាមវត្តអារាមនោះប្រជាពលរដ្ឋអាចនឹងធ្វើដំណើរ កំសាន្តនៅតាមតំបន់រមនីយដ្ឋាននានាទូទាំងប្រទេសដែលក្នុងនោះនៅរមណីយដ្ឋានប្រាសាទអង្គរវត្តក៏នឹងមានប្រជាពលរដ្ឋក៏ដូចជាភ្ញៀវជាតិអន្តរជាតិនានាទៅទស្សនាកំសាន្តផងដែរ។ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជា អាជ្ញាធរអប្សរាក៏ដូចជាអាជ្ញាធរខេត្តបានចាត់វិធានការផ្សេងៗសំដៅទប់ស្កាត់ជំងឺដ៏កាចសាហាវមួយនេះ ។
ថ្លែងប្រាប់អ្នកសារព័ត៌មាន នាព្រឹកថ្ងៃទី២៨ ខែកញ្ញានេះលោកឡុង កុសល អាជ្ញាធរអប្សរាបានថ្លែងថានៅអំឡុងពេលនៃការលុកដោន ក្រុងសៀមរាបនេះ តំបន់ប្រាសាទមួយចំនួនក៏ទទួលរងនូវការលុកដោនដូចគ្នាដែរតាមវិធានការរបស់រដ្ឋបាលខេត្តសៀមរាប ហើយអាជ្ញាធរអប្សរា បានសហការជាមួយអាជ្ញាធរខេត្ត ទប់ស្កាត់មិនឲ្យមានការចេញចូលទៅក្នុងតំបន់ដែលបិទខ្ទប់នោះទេ។
បើតាមលោក ឡុង កុសលមានចំណែកខ្លះនៃតំបន់រមណីយដ្ឋានអង្គរ មិនបានបិទខ្ទប់តាមវិធានការរដ្ឋបាលរបស់អាជ្ញាធរខេត្តសៀមរាបនោះទេគឺនតែបើកឱ្យភ្ញៀវចូលទស្សនាកម្សាន្តជាធម្មតា។ចំពោះវិធានការក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវិដ១៩ សម្រាប់ពិធីបុណ្យ ភ្ជំបិណ្ឌខាងមុខនេះ លោក ឡុង កុសល បានបញ្ជាក់ថា“៣កុំ ៣ការពារ”នេះ គឺជាវិធានការចាំបាច់ដែលគ្រប់គ្នាត្រូវអនុវត្តស្របតាមការណែនាំរបស់ក្រសួងសុខាភិបាលដូច្នេះអ្នកចូលទៅទស្សនានៅរមណីយដ្ឋានអង្គរចាំបាច់ណាស់វិធានការនេះ។ដោយឡែកមន្ត្រី បុគ្គលិក របស់អាជ្ញាធរអប្សរាដែលមានការពាក់ព័ន្ធនៅក្នុងតំបន់រមណីយដ្ឋានអង្គរ ពួកគាត់ក៏ត្រូវតែបំពេញដូចគ្នាដែរ។ លោកថា “យើងត្រូវចូលរួមអនុវត្តទាំងអស់គ្នាហើយនេះ គឺជាអ្វីដែលយើងត្រូវបំពេញទាំងអស់គ្នា បើអនុវត្តបានការធ្វើដំណើរកម្សាន្តរបស់ពួកគាត់ក៏នឹងមានសុវត្ថិភាពទាំងអស់គ្នាផងដែរ ប៉ុន្តែបើពួកគាត់អនុវត្តមិនបានគឺនឹងជួបនូវបញ្ហាប្រឈមជាក់ជាមិនខាន”។
លោក ឡុង កុសល បានអំពាវនាវថា “ខ្ញុំសូមឱ្យពួកគាត់នៅពេលធ្វើដំណើរមកកំសាន្តនៅរមណីយដ្ឋានអង្គរ តាមផ្នែកខ្លះ ដែលមិនមានការបិទខ្ទប់នោះ គឺសូមអនុវត្តឲ្យបានជាដាច់ខាតនូវ ៣កុំ ៣ការពារ”។
សូមបញ្ជាក់ថា ដោយសាតែការរីករាលដាលនៃជំងឺកូវីដ១៩ អាជ្ញាធរខេត្តបានកំណត់តំបន់មួយចំនួនជា “តំបន់ក្រហម” ក្នុងភូមិសាស្ត្រក្រុងសៀមរាបដែលមាន៖
ទី១- សង្កាត់ស្លក្រាម (គ្រប់ភូមិទាំងអស់)
ទី២- សង្កាត់ស្វាយដង្គំ (ភូមិតាភុល ភូមិមណ្ឌល១ ភូមិស្វាយដង្គំ ភូមិស្ទឹងថ្មី និងភូមិគ្រួស)
ទី៣- សង្កាត់គោកចក (ភូមិត្រពាំងសេះ ភូមិនគរក្រៅ ភូមិទក្សិណខាងត្បូង និងភូមិវាល)
ទី៤- សង្កាត់ជ្រាវ (ភូមិខ្នារ)
ទី៥- សង្កាត់សាលាកំរើក (ភូមិតាវៀន)
ទី៦- សង្កាត់ស្រង៉ែ (ភូមិព្រៃធំ និងភូមិស្រង៉ែ)
ទី៧- សង្កាត់ទឹកវិល (ភូមិសណ្តាន់)
បើតាមអាជ្ញាធរខេត្តសៀមរាប ការបិទខ្ទប់តំបន់ទាំងនេះ ចាប់ពីថ្ងៃទី២៣ ខែកញ្ញា រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១៕ (មានជ័យ)