London- ឯកអគ្គរដ្ឋទូតចិនប្រចាំទីក្រុងឡុងដ៍បាននិយាយកាលពីថ្ងៃអង្គារ៍ទី ២៨ ខែកញ្ញាថា ការប៉ុនប៉ងរបស់បរទេសដើម្បីឡោមព័ទ្ធចិនជានិច្ចជាកាលនឹងទទួលបាននូវការបរាជ័យ ដូច្នេះមហាអំណាចធំៗគួរតែជៀសវាងពីផ្នត់គំនិតក្នុងការដាក់អាណានិគម ដែលនឹងនាំមកនូវការប្រឈមជាមួយមហាអំណាចសេដ្ឋកិច្ចដ៏ធំជាងគេលេខ២ក្នុងពិភពលោក។ ចិនបាននិយាយប្រឆាំងម្តងហើយម្តងទៀតទៅនឹងសម្ព័ន្ធភាពសន្តិសុខឥណ្ឌូប៉ាស៊ីហ្វីកថ្មីរវាង សហរដ្ឋអាមេរិក ,អង់គ្លេសនិងអូស្ត្រាលី ដែលនឹងផ្តល់ឲ្យទីក្រុង កង់បេរ៉ា នូវបច្ចេកវិទ្យានិងសមត្ថភាពដើម្បីដាក់ពង្រាយនាវាមុជទឹកដែលដើរដោយឋាមពលនុយគ្លេអ៊េរ។
លោកឯកអគ្គរដ្ឋទូត Zheng Zenguang បាននិយាយនៅក្នុងពិធីអបអរសាទរខួបលើកទី៧២នៃសាធារណរដ្ឋប្រជាមានិតុចិនថា គណបក្សកុម្មុយនិស្តបានចាប់គ្រវែងក្រុមជនបរទេសដែលតែងតែធ្វើការគាបសង្កត់ ហើយបានករសាងប្រទេសចិនឡើងវិញ ព្រមទាំងលើកជ្រោងជីវភាពប្រជាជនជាង៧៧០លាននាក់ឲ្យចាកផុតពីភាពក្រីក្រ ក្នុងរយៈពេលជាងកន្លះសតវត្សរ៍មកនេះ។ “ ការប៉ុនប៉ងដើម្បីហ៊ុព័ទ្ធចិនមិនទទួលបានជោគជ័យកាលពីអតីតកាល ហើយជានិច្ចជាកាលវានឹងក្លាយទៅជាសុបិន្តរវើររវាយសំរាប់ពេលអនាគត “ ។ “គ្មាននរណាម្នាក់អាចបញ្ឍប់ប្រជាជនចិនមិនឲ្យមានការរីកចម្រើនលូតលាស់បន្តទៅទៀតបានទេ “។
លោកបានផ្តល់ជាយោបល់ថា មហាអំណាចត្រូវបោះបង់នូវផ្នត់គំនិតអាណានិគម និងទង្វើរផ្សេងៗដែលនាំឲ្យមានការបែកបាក់និងប្រឈមមុខដាក់គ្នា។
សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តកំពុងតែស្វះស្វែងរកមធ្យោបាយដើម្បីរុញច្រាន ប្រឆាំងទៅនឹងការរីកចម្រើនលូតលាស់នៃឥទ្ធិពលនិងអំណាចរបស់ចិន ជាពិសេសគឺការកសាងសមត្ថភាពខាងយោធា ដាក់សម្ពាធមកលើតៃវ៉ាន់និងពង្រាយកងទ័ពដើម្បីប្រកួតប្រជែងនៅក្នុងសមុទ្ទចិនខាងត្បូង។
លោកZheng បាននិយាយទៀតថា អង់គ្លេសគួរតែធ្វើការដើម្បីស្តារឡើងវិញនូវទំនាក់ទំនងជាមួយទីក្រុងប៉េកាំង បន្ទាប់ពីមានការដើរថយក្រោយក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។