នៅព្រឹកថ្ងៃអង្គារ ទី២៨ ខែកញ្ញា ឆ្នាំ២០២១នេះ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ប្រភេទស៊ីណូវ៉ាក់(Sinovac)របស់ក្រុមហ៊ុនចិនចំនួនប្រមាណ ៣លានដូសបន្ថែមទៀត ដែលជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជានោះ ត្រូវបានដឹកមកដល់ប្រទេសកម្ពុជាហើយ។
នៅពេលនេះ បូករួមទាំងវ៉ាក់សាំងដែលដឹកមកដល់នៅថ្ងៃនេះនាំឱ្យកម្ពុជាទទួលបានវ៉ាក់សាំងសរុប ៣៥.៥លានដូស។ វ៉ាក់សាំងដែលកម្ពុជាបានបញ្ជាទិញនិងដឹកមកដល់ថ្ងៃនេះគឺសម្រាប់បម្រើដល់ការចាក់ជូនកុមារអាយុ ៦ឆ្នាំ ទៅ១២ឆ្នាំ។ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ គឺមានសារសំខាន់ណាស់ក្នុងការជួយឱ្យប្រជាពលរដ្ឋមានអង្គបដិបក្ខរឹងមាំក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩កាត់បន្ថយអត្រាស្លាប់ដោយសារឥទ្ធិពលមេរោគហើយក៏ជួយកាត់បន្ថយការរីករាលដាលជំងឺផងដែរ។
រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានយកការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩គឺជាយុទ្ធសាស្ត្រលើសមរភូមិសង្គ្រាមជាមួយនឹងសត្រូវឥតស្រមោលកូវីដ១៩នេះ។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រឹងប្រែងយ៉ាងខ្លាំងទាំងការស្វែងរកវ៉ាក់សាំងនិងការកសាងផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ៕