វៀតណាម៖ ប្រទេសកម្ពុជារកចំណូលបានប្រមាណ ៣,៥ពាន់លានដុល្លារ ពីការនាំចេញទំទិញទៅវៀតណាមក្នុងរយៈពេល ៨ខែដំបូង ឆ្នាំ ២០២១នេះ បានកើនឡើងយ៉ាងគំហុកបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ចំណែកការនាំចូលរបស់កម្ពុជាពីប្រទេសវៀតណាមមកវិញមានតម្លៃទឹកប្រាក់សរុបប្រមាណ ៣,១៥ពាន់លានដុល្លារ កើនឡើង ១៦,៧ភាគរយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានវៀតណាម។
មូលហេតុមួយនៅពីក្រោយនៃការនាំចេញកើនឡើងយ៉ាងគំហុកក្នុងអំឡុងពេលនេះត្រូវបានរុញច្រានដោយផលិតផលសំខាន់ៗចំនួន ៦មុខទៅប្រទេសវៀតណាម បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដោយការនាំចេញគ្រាប់ស្វាយចន្ទីនិងកៅស៊ូមានកំណើនខ្ពស់បំផុត។
ប្រទេសកម្ពុជារកចំណូលបានជិត ១,៨៣ពាន់លានដុល្លារ ក្នុងការនាំចេញគ្រាប់ស្វាយចន្ទីទៅវៀតណាមក្នុងរយៈពេល ៨ខែដំបូង ដែលជាការកើនឡើង ៧,១ដង ធៀបនឹងរយៈដូចគ្នាកាលពីឆ្នាំមុន។ ទន្ទឹមនឹងនេះការនាំចេញកៅស៊ូរបស់វៀតណាមពីប្រទេសជិតខាងមានចំនួន ៥,៣ដងខ្ពស់ជាងតួលេខនៃរយៈពេលដូចគ្នាកាលពីឆ្នាំមុនដែលមានចំនួន ៨២១,៨លានដុល្លារ។
ការវិនិយោគរបស់វៀតណាមដែលបានចុះបញ្ជីនៅកម្ពុជាមានចំនួនជាង ២,៨៥ពាន់លានដុល្លារអាមេរិក ជាពិសេសវិស័យកសិកម្មរួមទាំងការដាំដើមស្វាយចន្ទីនិងកៅស៊ូ។
អាជីវកម្មវៀតណាម បានវិនិយោគនៅកម្ពុជាដើម្បីទាញយកផលប្រយោជន៍ពីថ្លៃពលកម្មថោកនិងលក្ខខណ្ឌអំណោយផលទាក់ទងនឹងដី, អាកាសធាតុនិងការលើកទឹកចិត្ត ហើយបន្ទាប់មកនាំចេញផលិតផលរបស់ពួកគេត្រលប់ទៅប្រទេសវៀតណាមវិញ។
យោងតាមទិន្នន័យពីក្រសួងពាណិជ្ជកម្មកម្ពុជាឱ្យដឹងថា កម្ពុជាបាននាំចេញទំនិញទៅកាន់ប្រទេសវៀតណាមក្នុងទឹកប្រាក់ប្រមាណ ៣៨៥,៧៩លានដុល្លារ កាលពីឆ្នាំ ២០២០ កើនឡើង ១៤,៨៨ភាគរយ បើធៀបកាលពីឆ្នាំ ២០១៩។ចំណែកការនាំចូលរបស់កម្ពុជាពីប្រទេសវៀតណាមមានតម្លៃ ២,៦៣៤ពាន់លានដុល្លារ ធ្លាក់ចុះជាង ៣% ធៀប កាលពីឆ្នាំ ២០១៩៕
អត្ថបទ៖ ថូ សិរីវឌ្ឍន៍