ភ្នំពេញ៖ ក្រុមហ៊ុន រ៉ឺនេសង់មីនើរ៉ល (ខេមបូឌា) លីមីធីត (Renaissance Minerals Cambodia Ltd) ដែលជាក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែមាសដំបូងគេនៅកម្ពុជានៅតំបន់អូរខ្វាវ ខេត្តរតនគិរី បានចម្រាញ់រ៉ែមាសបានចំនួន ៤៦ដុំ ដែលស្មើនឹងប្រមាណ ៥២២គីឡូក្រាម ក្រោយដំណើរការអាជីវកម្មរបស់ខ្លួនបានរយៈពេល៣ខែ។
លោក អ៊ឹង ឌីប៉ូឡា ជាអគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែនៃក្រសួងរ៉ែនិងថាមពល បានឱ្យដឹងថាគិតមកត្រឹមពេលនេះក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែមាសនៅតំបន់អូរខ្វាវ បានចម្រាញ់រ៉ែមាសចំនួន ៤៦ដុំ ដែលស្មើនឹង ៥២២គីឡូក្រាម ក្នុងរយៈពេល៣ខែកន្លងទៅនេះ។
លោកបញ្ជាក់ថា ទន្ទឹមនឹងនេះក្រុមហ៊ុនក៏បាននាំចេញដុំមាសចំនួន ៧ជើង ស្មើនឹងទំងន់ប្រមាណ ២៤៧គីឡូក្រាម ដើម្បីយកទៅបន្សុទ្ធជាមាសទឹក ៩៩,៩៩% នៅប្រទេសអូស្ត្រាលី។
ក្រុមហ៊ុន រ៉ឺនេសង់មីនើរ៉ល (ខេមបូឌា) លីមីធីត គឺជាក្រុមហ៊ុនមួយរបស់អូស្ត្រាលីដែលទទួលបានអាជ្ញាប័ណ្ណរុករករ៉ែមាសពីក្រសួងរ៉ែនិងថាមពលអាចផលិតមាសបានប្រមាណ ៣តោន ក្នុងមួយឆ្នាំសម្រាប់រយៈពេល ៨ឆ្នាំដំបូង។ ក្រុមហ៊ុននេះកំពុងដំណើរការអភិវឌ្ឍន៍រ៉ែមាសស្ថិតនៅក្នុងតំបន់អូខ្វាវ ក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
រោងចក្រនេះ បានសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការនូវការដ្ឋានអាជីវកម្មនិងរោងចក្រចម្រាញ់រ៉ែមាស កាលពីថ្ងៃទី ២១ខែមិថុនា ឆ្នាំ ២០២១ ហើយជាមួយគ្នានោះក្រុមហ៊ុននេះក៏បានស្លចម្រាញ់រ៉ែមាសចាក់ដុំមាសនិងបោះត្រាសម្គាល់លើដុំមាស (Gold Dore) ទី១របស់ខ្លួនផងដែរ។
ក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែមាសរបស់អូស្ត្រាលីនេះនឹងផ្តល់ផលប្រយោជន៍ជាចំណូលដុលជាមធ្យមប្រមាណ ១៨៥លានដុល្លារ ក្នុងមួយឆ្នាំដែលក្នុងនោះចំណូលថវិកាជាតិពីសួយសារនិងសារពើពន្ធផ្សេងៗមធ្យមប្រមាណ ៤០លានដុល្លារ ក្នុងមួយឆ្នាំ៕
អត្ថបទ៖ ថូ សិរីវឌ្ឍន៍