សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយកររដ្ឋមន្រ្តី នៃព្រះរាណាចក្រកម្ពុជា បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋ ធ្វើដំណើរទៅកម្សាន្តនៅតាមតំបន់ទេសចរណ៍ធម្មជាតិ និងតំបន់ទេសចរណ៍សហគមន៍ ដែលមានការរៀបចំបានល្អ ដើម្បីបានស្គាល់តំបន់ទេសចរណ៏ធម្មជាតិ ក៏ដូចជារមណីយដ្ឋានទេសចរណ៍ នៅក្នុងប្រទេសរបស់ខ្លួន។
ការលើកទឹកចិត្តរបស់ប្រមុខរាជរដ្ឋាភិបាលបានធ្វើឡើងតាមរយៈសារជាសម្លេងនាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១នេះ និងបន្ទាប់ពីប្រកាសផ្អាកពិធីកាន់បិណ្ឌ ក៏ដូចជាបុណ្យភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ពីវត្តអារាមទៅកាន់ផ្ទះ និងពីផ្ទះទៅកាន់វត្តអារាម ហើយឆ្លងចូលសហគមន៏។
សម្តេចតេជោ ហ៊ុន សែន អះអាងថា រាជរដ្ឋាភិបាលមិនហាមឃាត់ការឈប់សម្រាករយៈពេល ៣ថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ របស់មន្ត្រីរាជការ កម្មករ កម្មការនី និងបុគ្គលិកនៅតាមក្រុមហ៊ុន ដែលត្រូវទទួលបានការអនុញ្ញាតឲ្យឈប់សម្រាករយៈពេល៣ថ្ងៃនោះទេ ដូច្នេះបងប្អូនប្រជាពលរដ្ឋអាចធ្វើដំណើរកម្សាន្ត ទៅតាមទីកន្លែងនានា ដោយមានវិធានការសុខាភិបាល។
សម្តេចប្រមុខរាជរដ្ឋាភិបាលបានបញ្ជាក់ដែរថា ការធ្វើបែបនេះ ក៏ជាវិធីមួយដើម្បីបើកឱកាសឲ្យបងប្អូនបានឈប់សម្រាកក្នុងរយៈពេលនៃឱកាសភ្ជុំបិណ្ឌនេះ។ សម្តេចបញ្ជាក់ថា “យើងនៅតែបន្តអោយមន្ត្រីរាជការ បុគ្គលិកក្រុមហ៊ុននានា បានឈប់សម្រាកទៅតាមអនុក្រឹត្យ ដែលមានក្នុងការឈប់សម្រាក នៃថ្ងៃភ្ជុំបិណ្ឌ យើងនៅតែបន្តឲ្យបងប្អូនបានធ្វើដំណើរទៅកំសាន្តនៅទីនេះ នៅទីនោះ ជាពិសេសលើកទឹកចិត្តឱ្យទៅធ្វើការកម្សាន្តនៅតាមតំបន់ទេសចរណ៍ធម្មជាតិ ទេសចរណ៍នៅតាមសហគមន៍ ដែលមានការរៀបចំបានល្អ ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋរបស់យើងបានស្គាល់នៅប្រទេសរបស់ខ្លួនឯង រមណីយដ្ឋានទេសចរណ៍ធម្មជាតិរបស់យើង”។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា អ្វីដែលជាការខិតខំរបស់យើង គឺដើម្បីទប់ស្កាត់កុំឱ្យមានការឆ្លងជំងឺកំវីដ១៩ នៅតាមទីអារាម ពីព្រោះទីអារាមទាំងអស់ មិនដឹងថា ប្រមូលផ្ដុំមនុស្សមកពីទីណាខ្លះ ដូច្នេះយើងព្យាយាមធ្វើយ៉ាងណាកុំឲ្យយកជំងឺពីផ្ទះទៅទីអារាម ហើយយកជំងឺពីទីអារាមមកចូលផ្ទះ ចូលសហគមន៍ ដែលបង្ខំឲ្យបិទសាលារៀនតទៅទៀត ក្នុងពេលដែលយើងបានបើកសាលារៀនជាបន្តបន្ទាប់រួចទៅហើយ។
សូមបញ្ជាក់ថា ដើម្បីធានាសុវត្ថិភាពដល់ប្រជាពលរដ្ឋខ្មែរ ក៏ដូចជាទេសចរផ្ទៃក្នុង ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ខាងមុខនេះ ដែលពួកគាត់នឹងធ្វើដំណើរកម្សាន្តទៅកាន់គោលដៅទេសចរណ៍នានានោះ ក្រសួងទេសចរណ៍ បានចេញសេចក្ដីណែនាំស្ដីពីការពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្ដង់ដាអប្បបរមា (SOP) សម្រាប់អាជីវកម្មសេវាកម្មទេសចរណ៍ផងដែរ។
សេចក្ដីណែនាំនោះគឺ៖
ទី១. ត្រូវបន្តពង្រឹងការអនុវត្តឱ្យបានយ៉ាងខ្ជាប់ខ្ជួន និងម៉ឺងម៉ាត់នូវវិធានការទាំងឡាយដែលបានដាក់ចេញដោយក្រសួងសុខាភិបាល និងក្រសួងទេសចរណ៍ ដែលមានវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្ដង់ដាអប្បបរមា (SOP) របស់ក្រសួងទេសចរណ៍ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ពិសេសវិធានការ ៣ការពារ ៣កុំ។ គ្រប់មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ត្រូវកត់ត្រាអត្តសញ្ញាណ (ជាពិសេសអាសយដ្ឋាន និងលេខទូរស័ព្ទទំនាក់ទំនង) ចុះឈ្មោះបង្កើត QR Code “ទប់ស្កាត់កូវីដ-១៩” និងតម្រូវស្កេនកំដៅជាដាច់ខាតមុនចូលទៅក្នុងកន្លែងរបស់ខ្លួន។
ទី២. គ្រប់មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ត្រូវពង្រឹងការគ្រប់គ្រងឱ្យបានល្អប្រសើរ ជាពិសេសត្រូវកំណត់សមត្ថភាពផ្ទុក (Carrying Capacity) អតិបរមា ដែលអាចទទួលភ្ញៀវបានក្នុងពេលតែមួយ អនុលោមតាមស្តង់ដាគម្លាតសុវត្ថិភាព និងមិនត្រូវទទួលភ្ញៀវលើសពីចំណុះនេះជាដាច់ខាត មិនត្រូវរៀបចំឱ្យមានការជួបជុំជាដាច់ខាត។
ទី៣. ព្រមជាមួយវិធានការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ គ្រប់មូលដ្ឋានអាជីវកម្មខាងលើត្រូវពង្រឹងគុណភាពសេវាកម្ម ថែរក្សាបរិស្ថាន-អនាម័យ និងរក្សាតម្លៃ ផលិតផល និងសេវាកម្មឱ្យបានសមរម្យ។
ទី៤. ត្រូវតាមដានត្រួតពិនិត្យរាល់បុគ្គលិករបស់ខ្លួន ដែលកំពុងជាប់កាតព្វកិច្ចធ្វើចត្តាឡីស័ក និងតម្រូវឱ្យអ្នកគ្រប់គ្រងអាជីវកម្មសេវាកម្មទេសចរណ៍ ត្រូវជូនដំណឹងមកអាជ្ញាធរមូលដ្ឋាននូវរាល់ករណីសង្ស័យចំពោះភ្ញៀវទេសចរ ដែលជាប់ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩។
ទី៥. គ្រប់មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ត្រូវអនុវត្តសេចក្ដីណែនាំនេះឱ្យមានប្រសិទ្ធភាពខ្ពស់។ ករណីខកខានមិនបានអនុវត្ត ឬអនុវត្តមិនបានត្រឹមត្រូវតាមខ្លឹមសារសេចក្ដីណែនាំនេះ មន្ទីរទេសចរណ៍ មិនត្រូវអនុញ្ញាតឱ្យអាជីវកម្មនោះបើកដំណើរការជាដាច់ខាត និងអាចប្រឈមទៅនឹង វិធានការច្បាប់ជាធរមាន៕ (មានជ័យ)