(ភ្នំពេញ)៖ អតិថិជនរាប់រយគ្រួសារដែលបានទិញដីឡូត៌ពីម្ចាស់បុរី កាំង ម៉េង បានបំពេញកាតព្វកិច្ចតាមកិច្ចសន្យាចប់សព្វគ្រប់អស់ហើយ តែរហូតមកដល់ពេលនេះមាន រយៈពេលជាង១០ឆ្នាំហើយ ភាគីម្ចាស់បុរីដែលជាអ្នកលក់នៅមិនទាន់ប្រគល់ប័ណ្ណកម្មសិទ្ធិ (ប្លង់រឹង) មកឲ្យភាគីអ្នកទិញនៅឡើយទេ ធ្វើឲ្យអតិថិជនជួបការលំបាកយ៉ាងខ្លាំង ក្នុងការប្រើប្រាស់ដីដែលខ្លួនទិញ។
យោងតាមប្រភពព័ត៌មានពី មេធាវីតំណាងឲ្យអតិថិជនទិញដីឡូត៌នៅបុរី កាំង ម៉េង បានថ្លែងប្រាប់ឲ្យសារព័ត៌មានដឹងថា អតិថិជនបានចុះកិច្ចព្រមព្រៀងទិញដីឡូត៌ពីបុរី កាំង ម៉េង តាំងពីឆ្នាំ២០០៧មកម្ល៉េះ ដែលពីមុនមានទីតាំងស្ថិតនៅក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ហើយបច្ចុប្បន្ន ផ្នែកខ្លះនៃទីតាំងបុរីនេះបានកាត់ចូលមករាជធានីភ្នំពេញ ដោយខាងភាគីបុរី បានសន្យាពេលអតិថិជនបង់លុយគ្រប់ ខាងបុរី នឹងរត់ការផ្ទេរកម្មសិទ្ធិមកឲ្យអតិថិជនមិនឲ្យមានបញ្ហាអ្វីឡើយ។
ប៉ុន្តែរហូតមកដល់ពេលនេះមានរយៈពេលជាង១០ឆ្នាំទៅហើយ ខាងម្ចាស់បុរីនៅមិនទាន់ប្រគល់ប័ណ្ណកម្មសិទ្ធិមកឲ្យអតិថិជននៅឡើយទេ ពេលអតិថិជនសួរនាំ ចេះតែឆ្លើយដោះសារអញ្ចេះអញ្ចុះរហូតមក។ Beetube News មិនអាចសុំការបំភ្លឺពីម្ចាស់បុរី កាំង ម៉េងបានទេនៅថ្ងៃនេះ៕