តាមសារសម្លេងពិសេសរបស់សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅព្រឹកថ្ងៃទី ២៥ ខែកញ្ញាឆ្នាំ ២០២១ នេះសម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «កាលពីថ្ងៃម្សិលមិញនេះក្រុមគ្រូពេទ្យបានយកសំណាក់គ្រប់វត្តហើយស្ទើរតែពាក់កណ្ដាលវត្តនៅទីក្រុងភ្នំពេញនេះគឺមានឆ្លង covid-១៩។
សម្ដេចតេជោបានបញ្ចាក់ថា «ខ្ញុំព្រះករុណាខ្ញុំសូមពលរដ្ឋឱ្យមានការយល់នូវការចង់ធ្វើបុណ្យធ្វើទានប៉ុន្តែឆ្នាំ២០២១នេះ ខុសពីឆ្នាំ២០២០ នៅត្រង់ថា ព្រឹត្តិការណ៍ ២០កុម្ភៈឆ្នាំ២០២១បានធ្វើឱ្យយើងមកដល់ពេលនេះមានមនុស្សជាង ១០ម៉ឺននាក់បានឆ្លង និងជាងពាន់នាក់បានស្លាប់រួចហើយ ដែលជារឿងអណោចអាធ័មសម្រាប់ប្រជាពលរដ្ឋរបស់យើង»។ ត្រឹមតែរយៈពេលបីថ្ងៃតែប៉ុណ្ណោះនៃពិធីកាន់បិណ្ឌឆ្នាំ២០២១នេះ ចំនួនឆ្លងនៅតាមទីអារាមមានការកើនឡើង ។
សម្ដេចតេជោក៏បានលើកឡើងថា «ប្រជាពលរដ្ឋរបស់យើងបានចោទសំណួរថា បន្ទាប់ពីចាក់វ៉ាក់សាំងរួចហើយហេតុអ្វីក៏នៅតែឆ្លង ព្រោះមកដល់ពេលនេះយើងបានចាក់វ៉ាក់សាំងជាង១៣លាននាក់រួចហើយ ក្នុងចំណោមអ្នកដែលត្រូវចាក់ប្រមាណ១៤លាននាក់ ចាប់ពីកុមារ៦ឆ្នាំឡើងទៅ «ខ្ញុំ ព្រះករុណាខ្ញុំក៏សូមទូលប្រគេនថា ខ្ញុំព្រះករុណាខ្ញុំធ្លាប់និយាយហើយថា វ៉ាក់សាំងតែមួយមុខមិនអាចជួយបាននោះទេ គឺគ្រាន់តែជួយកាត់បន្ថយការវិវឌ្ឍន៍ទៅកាន់ភាពធ្ងន់ធ្ងរនៃជំងឺ និងកាត់បន្ថយការស្លាប់តែប៉ុណ្ណោះ ប៉ុន្តែវិធានការសុខាភិបាលទៅវិញទេដែលជាវិធានការត្រូវប្រកាន់យកដែលយើងនិយាយថា បីកុំ បីការពារ»។
សម្ដេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ផងដែរថា «ការឈប់សម្រាករយៈពេល ៣ថ្ងៃ នៃពិធីភ្ជ៉ំបិណ្ឌនៅតែមានដដែល ដែលជាការបើកឱកាសឲ្យបងប្អូនប្រជាពលរដ្ឋយើងអាចធ្វើដំណើរកម្សាន្តនៅទីនេះទីនោះបានផងដែរ ជាពិសេសនៅតាមតំបន់ទេសចរណ៍ធម្មជាតិ ទេសចរណ៍សហគមន៍ ។