កំពង់ស្ពឺ៖ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១០និង៤០នាទី នៅចំណុចភូមិត្រពាំងអត់ទឹក ឃុំគីរីវន្ដ កម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច អនុវត្តដីការបស់សាលាដំបូងខេត្តកំពង់ស្ពឺ ឃាត់ខ្លួនជនត្រូវចោទចំនួន២នាក់។
មន្ត្រីនគរបាលស្រុកភ្នំស្រួច បានឲ្យដឹងថាជនត្រូវចោទទី១-ឈ្មោះ ហុង វ៉ាត ភេទប្រុស អាយុ៥២ឆ្នាំ នៅភូមិក្រាំងបឹង ឃុំតាំងសំរោង ស្រុកភ្នំស្រួច (ប្ដី) តាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ១០៩ ចុះថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ របស់លោក អ៊ី សាវិញ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ ពីបទៈ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។ ទី២-ឈ្មោះ យឹម នឿន ហៅ ឡោត ភេទស្រី អាយុ៥២ឆ្នាំ នៅភូមិក្រាំងបឹង ឃុំតាំងសំរោង ស្រុកភ្នំស្រួច (ប្រពន្ធ) តាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ១១០ ចុះថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ របស់លោក អ៊ី សាវិញ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ ពីបទៈ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។
បច្ចុប្បន្នជនត្រូវចោទខាងលើ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង បានបញ្ជូនទៅកាន់សាលាដំបូងខេត្តកំពង់ស្ពឺ ដើម្បីបន្តចាត់ការតាមនីតិវិធី៕