យោងតាមអ្នកចិត្តសាស្រ្តមួយចំនួន ក្មេងវ័យជំទង់ចាប់ផ្តើមពីអាយុពី ៩ឆ្នាំ ដល់ ១៣ឆ្នាំ ហើយវាជាដំណាក់កាលផ្លាស់ប្តូរពីការនៅជាប់ជាមួយឳពុកម្តាយទៅជាអនុញ្ញាតឲ្យកូនៗធំឡើង និងមានឯករាជ្យភាព។ ដើម្បីធ្វើឲ្យការផ្លាស់ប្តូរនេះមានភាពរលូនឳពុកម្តាយគួរតែជួយកូនៗ ឲ្យទទួលបាននូវជំនាញជីវិតចាំបាច់មួយចំនួននៅអាយុ ១៣ឆ្នាំ។ ជំនាញជីវិតសម្រាប់ក្មេងជំទង់មានដូចជា៖
១. ការចេះគ្រប់គ្រងប្រាក់ និងសន្សំ
លោកអ្នកអាចបង្រៀនកូនៗនៅជំនាញហិរញ្ញវត្ថុមូលដ្ឋានមួយចំនួន នៅពេលពួកគាត់រៀនពីរបៀបរាប់លេខ។ នៅអាយុ ១៣ឆ្នាំ ក្មេងៗគួរចេះសន្សំប្រាក់ឧបត្ថម្ភប្រចាំសប្តាហ៍របស់ពួកគេ ដឹងអំពីថ្លៃដើមរបស់គ្រួសារ មូលដ្ឋាន យល់ដឹងពីភាពខុសគ្នារវាង ប័ណ្ណឥណពន្ធ និងកាតឥណទាននៃកាតធនាគារបើមាន (debit and credit cards) និងព្យាយាមឲ្យពួកគាត់ធ្វើការសម្រេចចិត្តអំពីការចំណាយ និងការសន្សំ។
២. ចេះធ្វើកិច្ចការផ្ទះ
កុមារអាចធ្វើកិច្ចការច្រើនរួចទៅហើយ តាំងពីក្មេងដូចជា ការសម្អាតបន្ទាប់ពីទទួលទានអាហារ (រៀបចំទុកដាក់ឬលាងចានជាដើម) ឬការប្រមូលសម្លៀកបំពាក់របស់ពួកគេសម្រាប់បោកគក់។ នៅអាយុ ១៣ឆ្នាំពួកគេគួរតែចេះបោកគក់ខោអាវដោយដៃ (ពេលដែលគ្មានម៉ាស៊ីនបោកគក់) បោសជូតផ្ទះ រៀបចំកន្លែងគេងខ្លួនឯង សម្អាតបន្ទប់ទឹក និងរៀបចំផ្ទះបាយឲ្យស្អាតជាដើម។ ឳពុកម្តាយគួរតែដាក់លក្ខខណ្ឌជាក់លាក់ជាមួយសំណើររបស់កូនៗ ហើយគួរតែលើកទឹកចិត្តកូនៗក្នុងការធ្វើអ្វីមួយ។
៣. រៀបចំអាហារ
ការចម្អិនអាហារគឺជាជំនាញដ៏សំខាន់មួយ ដែលកូនរបស់អ្នកនឹងត្រូវការនៅពេលពួកគេប្រែក្លាយជាមនុស្សពេញវ័យ ហើយមានរូបមន្តងាយៗជាច្រើន សម្រាប់ការចាប់ផ្តើមដូចជា ចេះដាំបាយ ចៀនឬស្ងោរពងទា ឆាបន្លែ ចៀនសាច់ និងម្ហូបងាយៗដទៃទៀត។ នៅអាយុ ១៣ឆ្នាំកុមារគួរតែមានគម្រោងធ្វើម្ហូបជាមួយគ្រួសារ ធ្វើតាមរូបមន្តសាមញ្ញ និងអាចប្រើប្រាស់ឧបករណ៍ទូទៅក្នុងផ្ទះបាយ។ កុំភ្លេចបង្រៀនកូនរបស់អ្នកអំពីអនាម័យ និងមូលដ្ឋានគ្រឹះនៃសុវត្ថិភាពក្នុងផ្ទះបាយដែរ។
៤. ការដើរទិញឥវ៉ាន់
ការនាំកូនទៅទិញគ្រឿងទេសជាមួយអ្នកនឹងជួយឲ្យពួកគេអភិវឌ្ឍជំនាញចាំបាច់ដូចជា ការសរសេរផែនការអាហារ សរសេរបញ្ជីគ្រឿងទេស និងការប្រកាន់ខ្ជាប់នូវផែនការថវិកា នៅពេលដែលពួកគេក្លាយជាក្មេងជំទង់។ បង្រៀនពួកគេពីរបៀបរើសជ្រើសបន្លែ ឬសាច់ស្រស់ផ្សេងៗ អានស្លាកអាហាររូបត្ថម្ភ (ពីការផលិតនិងកាលបរិច្ឆេទផុតកំណត់) និងចេះវិធីតថ្លៃដើម្បីបានតម្លៃដែលសមរម្យ។ តែឳពុកម្តាយក៏ត្រូវប្រយ័ត្នថា កូនៗអាចនឹងទាមទារឲ្យទិញនូវអ្វីដែលពួកគាត់ចង់បាន នៅពេលទៅផ្សារម្តងៗ។ ដូច្នេះឳពុកម្តាយគួរតែព្យាយាមដាក់លក្ខខណ្ឌច្បាស់លាស់មួយជាមួយពួកគាត់ មុននឹងទៅផ្សារម្តងៗ ដូចជាឲ្យពួកគាត់រកមើលអាហារដែលមាននៅក្នុងបញ្ជីជាដើម។
៥. អនាម័យផ្ទាល់ខ្លួន
អ្នកជំនាញទទួលស្គាល់ថា ឳពុកម្តាយជាច្រើនសន្មតថាក្មេងអាយុ ១០ឆ្នាំឬ ១១ឆ្នាំរបស់ពួកគេនឹងរៀនពីអនាម័យផ្ទាល់ខ្លួនដោយឯងៗ។ ប៉ុន្តែការពិតមានរឿងជាច្រើនដែលពុកម្តាយគួរតែពិភាក្សាជាមួយកូនរបស់ពួកគេ មុនពេលវាយឺតពេល ៖ សារៈសំខាន់នៃការងូតទឹកប្រចាំថ្ងៃ ការប្រើថ្នាំបំបាត់ក្លិន ការផ្លាស់ប្តូរសម្លៀកបំពាក់ ការកោរពុកមាត់ អនាម័យមាត់ធ្មេញ និងការយល់ដឹងអំពីរាងកាយរបស់ពួកគេផ្ទាល់។ សូមចងចាំថាត្រូវធ្វើជាគំរូល្អសម្រាប់ខ្លួនអ្នក ហើយតែងតែពន្យល់កូនៗរបស់អ្នកអំពីមូលហេតុដែលពួកគេត្រូវធ្វើអ្វីមួយ។
៦. ចេះមូលដ្ឋានសង្គ្រោះបឋម
ជំនាញសង្គ្រោះបឋមជាមូលដ្ឋាននឹងផ្តល់អំណាចដល់កូនៗរបស់អ្នកដើម្បីជួយខ្លួនឯងនៅពេលពួកគេឈឺចាប់ និងនៅពេលគ្មាននរណានៅក្បែរ។ នៅចក្រភពអង់គ្លេស កាកបាតក្រហមគាំទ្រការដាក់បញ្ចូលការអប់រំជំនួយដំបូងនៅក្នុងកម្មវិធីសិក្សា។ ការសិក្សាខ្លះបានបង្ហាញថាកុមារពីអាយុ ៤ឆ្នាំដល់ ៥ឆ្នាំអាចទន្ទេញលេខទូរស័ព្ទសង្គ្រោះបន្ទាន់បានត្រឹមត្រូវ វាយតម្លៃដង្ហើមរបស់មនុស្សម្នាក់ៗបានត្រឹមត្រូវ និងចងចាំទីតាំងសង្គ្រោះឲ្យដឹងខ្លួនវិញត្រឹមត្រូវ។ ជំនាញខ្លះសម្រាប់ក្មេងធំៗរួមមានសមត្ថភាពបញ្ឈប់ការហូរឈាម ព្យាបាលរលាក និងឃ្មុំទិចជាដើម។
៧. ចេះគ្រប់គ្រងពេលវេលា
ជំនាញគ្រប់គ្រងពេលវេលាគឺចាំបាច់៖ កូនជំទង់របស់អ្នកគួរតែចេះរៀបចំផែនការមុន និងធ្វើការប្រកបដោយប្រសិទ្ឋិភាព។ ព្យាយាមផ្តល់ជូនកូនៗរបស់អ្នកនូវឧបករណ៍មួយចំនួនដែលអាចជួយពួកគេឲ្យមានប្រសិទ្ធភាពជាងមុន ដូចជាការចេះកត់ត្រាទុក ប្រើទូរស័ព្ទសម្រាប់ជូនដំណឹង (បើអាច) ឬសៀវភៅប្រតិទិនពិសេស។ ចងចាំថាការសម្រេចចិត្តធ្វើអ្វី និងពេលណាត្រូវធ្វើវា កាន់តែងាយស្រួល នៅពេលអ្នកធ្វើការកត់ត្រាទុក។ លោកអ្នកអាចផ្តល់ឲ្យពួកគេនូវនាឡិកាជាកាដូ ក៏ជួយឲ្យពួកគេគ្រប់គ្រងការរំខានផ្សេងៗជាដើម។
៨. ជំនាញសង្គមនិងសីលធម៌
វាមានសារៈសំខាន់ណាស់ក្នុងការបង្រៀនកូនរបស់អ្នកឲ្យមានសុជីវធម៌ ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ សម្រាប់ក្មេងៗ ច្រើនយកគំរូតាមអ្នក ដូច្នេះសូមចាប់ផ្តើមធ្វើគំរូដល់ពួកគេ ដោយលើកទឹកចិត្តពួកគេអោយឲ្យចេះចែករំលែក ការគួរសមនិងគោរពមនុស្សចាស់។ ព្រឹត្តិការណ៍នៅផ្ទះគឺជាពេលវេលាដ៏ល្អដើម្បីបង្រៀនកូនៗរបស់អ្នកពីរបៀបធ្វើជាម្ចាស់ផ្ទះល្អ និងពន្យល់ពីបែបបត់រៀបចំតុដល់ពួកគេ។
ការមានទម្លាប់គោរពតាមសីលធម៌ត្រឹមត្រូវនឹងជួយកូនៗរបស់អ្នក ក្នុងជិវិតប្រចាំថ្ងៃរបស់ពួកគេ នៅពេលពួកគេប្រែក្លាយជាក្មេងជំទង់ នឹងជួយឲ្យពួកគេទទួលបានជោគជ័យក្នុងអាជីពរបស់ពួកគេ ហើយនឹងជួយពួកគេឲ្យស្របគ្នាជាមួយមិត្តភក្តិរបស់ពួកគេផងដែរ។
៩. រុករកតំបន់ដែលនៅជិត
វាអាចទៅរួចដែលក្មេងជំទង់របស់អ្នកនឹងរៀនធ្វើដំណើរដោយខ្លួនឯងក្នុងរយៈពេលពីរបីឆ្នាំ។ ដូច្នេះវាជាការសំខាន់ដែលពួកគេអាចយល់ពីរបៀបប្រើឧបករណ៍រុករក និងរបៀបអានផែនទី។ នៅអាយុ ១៣ឆ្នាំ កុមារគួរតែអាចទន្ទេញចាំទិសដៅ និងអាននិមិត្តសញ្ញាផែនទី និងតម្រង់ទិសខ្លួនឯង។ មានធនធានជាច្រើនតាមអ៊ីនធ័រណេតដែលនឹងជួយធ្វើឲ្យការអានផែនទីមានភាពរីករាយ។
១០. ជំនាញគ្រប់គ្រងអារម្មណ៍
មិនត្រឹមតែក្មេងជំទង់ប៉ុណ្ណោះទេ ប៉ុន្តែក៏មានមនុស្សធំជាច្រើនខ្វះសមត្ថភាពក្នុងការទទួលយក និងគ្រប់គ្រងអារម្មណ៍របស់ពួកគេដូចជា កំហឹង ភាពតានតឹង និងការថប់អារម្មណ៍។ ជំនាញគ្រប់គ្រងអារម្មណ៍រួមមានសមត្ថភាពកំណត់អារម្មណ៍ យល់ពីស្ថានភាព គ្រប់គ្រងអារម្មណ៍ និងស្វែងរកជំនួយនៅពេលដែលត្រូវការ។ ការដឹងថាអារម្មណ៍ក្រៀមក្រំ មិនមែនជាសញ្ញានៃភាពទន់ខ្សោយនោះទេ ហើយអារម្មណ៍អាចជួយក្នុងការដោះស្រាយស្ថានភាព នឹងជួយកូនៗរបស់អ្នកនៅថ្ងៃក្រោយ។
តើលោកប៉ាអ្នកម៉ាក់គិតថាមានជំនាញចាំបាច់ទៀតដែលក្មេងៗគួររៀនមុនពេលពួកគេមានអាយុ ១៣ឆ្នាំដែរទេ? សូមចូលរួមចែករំលែកមតិយោបល់ បទពិសោធន៍ និងការណែនាំពីពុកម្តាយរបស់អ្នកនៅក្នុងមតិយោបល់!
អត្ថបទដកស្រង់ពី Natalia Tylosova
បកប្រែ និងកែសម្រួលដោយ កញ្ញា លីមួយ