ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១នេះក្រសួងធម្មការនិសាសនាបានចេញនូវសេចក្តីណែនាំមួយដែលមានខ្លឹមសារសំខាន់ៗចំនួន៣ចំណុចស្ដីពីការផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
ក្នុងសេចក្តីណែនាំរបស់ក្រសួងធម្មការបានបញ្ជាក់ថា ក្រសួងធម្មការនិងសាសនា សូមថ្វាយថ្វាយប្រគេននិងជូនដំណឹងសម្ដេចព្រះសង្ឃនាយកទាំងពីរគណៈថ្នាក់ដឹកនាំគ្រប់សាសនានិងលោកមន្ទីរធម្មការនិងសាសនា រាជធានី/ខេត្ត ព្រះមេត្តា-មេត្តាជ្រាបថាដើម្បីចូលរួមបដិបត្តិតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដែលអាចនឹងធ្វើឱ្យកម្ពុជាត្រូវប្រឈមនឹងហានិភ័យខ្ពស់នៃការឆ្លងរីករាលដាលទ្រង់ទ្រាយធំនៅទូទាំងប្រទេសនៃជំងឺកូវីដ-១៩ ជាពិសេសមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា ដែលមានកម្រិតនៃការឆ្លងរីករាលដាលឆាប់រហ័ស។
យោងលើភាពចាំបាច់ក្នុងការបន្តគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសដើម្បីធានាការពារអាយុជីវិតនិងសុខភាពរបស់ប្រជាជនខណៈដែលព្រះរាជាណាចក្រកម្ពុជាកំពុងបើកដំណើរការសាលារៀនឡើងវិញក៏ដូចជាកំពុងរៀបចំផែនការដើម្បីឆ្ពោះទៅបើកដំណើរការប្រទេសពេញលេញឡើងវិញនាពេលខាងមុខ,ក្រសួងសូមណែនាំដូចខាងក្រោម៖
១.សហការជាមួយព្រះមេគណ ព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រម អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ផ្សព្វផ្សាយដល់គ្រប់វត្តអារាមនៅទូទាំងប្រទេសនូវសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ស្តីពីការផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី៤ រហូតដល់ថ្ងៃភ្ជុំបិណ្ឌ។
២.ផ្សព្វផ្សាយដល់គ្រប់វត្តអារាមនិងវិហាពាហិរសាសនាត្រូវអនុវត្តនៅវិធានការនានារបស់ក្រសួងសុខាភិបាលឲ្យបានខ្ជាប់ខ្ជួនជាពិសេសត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវវិធានការ «៣ កុំ និង៣ការពារ» របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី។
៣.ត្រូវសហការជួយសម្របសម្រួល ជាមួយយន្តការដែលមានការពាក់ព័ន្ធទាំងអស់ដើម្បីធានាការនាំយកចង្ហាន់និងទេយ្យទានចាំបាច់នានា ប្រគេនដល់ព្រះសង្ឃនៅតាមវត្តអារាមនានា។
គួរបញ្ចាក់ថាក្រោយករណីផ្ទុះឡើងនូវការឆ្លងជំងឺកូវីដ-១៩ នៅតាមបណ្តាវត្តមួយចំនួនក្នុងរាជធានីភ្នំពេញមករាជរដ្ឋាភិបាលកម្ពុជា កាលពីយប់ម្សិលមិញបានសម្រេចផ្អាករៀបចំពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌក្នុងឆ្នាំនេះដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគកូវីដ១៩ ។